ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាកម្លាំងជំនាញតាមចាប់ខ្លួនជនសង្ស័យឈ្មោះ «កូនខ្លា» និងបក្សពួក មកផ្ដន្ទាទោសតាមច្បាប់

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កម្លាំងជំនាញនគរបាលរាជធានីភ្នំពេញ ឱ្យធ្វើការស្រាវជ្រាវ និងតាមចាប់ខ្លួនជនសង្ស័យម្នាក់ដែលមានឈ្មោះល្បីថា «កូនខ្លា» ព្រមទាំងបក្សពួក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ជាធរមាន។

យោងតាមការចុះផ្សាយរបស់លោក ផែង វណ្ណៈ បានឱ្យដឹងថា ការចេញបទបញ្ជារបស់ឯកឧត្តមស្នងការនាពេលនេះ គឺដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងបំផុតដោយគ្មានការលើកលែងជាដាច់ខាតចំពោះជនដែលបង្កភាពអសន្តិសុខក្នុងសង្គម។
ក្នុងករណីនេះ សមត្ថកិច្ចបានអំពាវនាវដល់សាធារណជន ប្រសិនបើបងប្អូនប្រជាពលរដ្ឋបានដឹង ឬបានប្រទះឃើញទីតាំងលាក់ខ្លួនរបស់ជនសង្ស័យឈ្មោះ «កូនខ្លា» និងបក្សពួក សូមមេត្តាផ្តល់ព័ត៌មានមកកាន់សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញជាបន្ទាន់ ដើម្បីកម្លាំងជំនាញចុះធ្វើការឃាត់ខ្លួន និងនាំខ្លួនមកផ្តន្ទាទោសតាមច្បាប់។

កិច្ចសហការពីសំណាក់ប្រជាពលរដ្ឋគឺជាកត្តាសំខាន់ក្នុងការជួយឱ្យសមត្ថកិច្ចអាចបំពេញតួនាទីបានយ៉ាងឆាប់រហ័ស ដើម្បីរក្សាភាពស្ងប់ស្ងាត់ និងសុវត្ថិភាពជូនសង្គមជាតិ៕

សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply

Your email address will not be published. Required fields are marked *