លោកឧកញ៉ា យ៉ន សេងហាន រិះគន់ខ្លាំងៗជុំវិញករណីវត្តអារាមមួយកន្លែងយកថ្លៃសេវាបុណ្យសពខ្ពស់ហួសហេតុ ហាក់ដូចជាការធ្វើអាជីវកម្ម

ភ្នំពេញ៖ លោកឧកញ៉ា យ៉ន សេងហាន បានចេញមុខរិះគន់ចំៗ និងជាខ្លាំងចំពោះករណីវត្តអារាមមួយកន្លែង ដែលបានកំណត់តម្លៃសេវាកម្មរៀបចំបុណ្យសពក្នុងកម្រិតមួយខ្ពស់ហួសហេតុ ដែលសកម្មភាពនេះត្រូវបានលោកប្រៀបប្រដូចទៅនឹងការធ្វើអាជីវកម្មលើទុក្ខសោករបស់ប្រជាពលរដ្ឋ។

ការចេញមកប្រតិកម្មនេះ បានធ្វើឡើងបន្ទាប់ពីមានការលេចធ្លាយតារាងតម្លៃសេវាកម្មបុណ្យសពរបស់វត្តខាងលើ ដែលបង្ហាញថា ការចំណាយសរុបអាចកើនឡើងរហូតដល់ជិត ១,០០០ ដុល្លារអាមេរិក។ យោងតាមតារាងតម្លៃនោះ ការតម្កល់សពមួយយប់មានតម្លៃ ១០០ ដុល្លារ, មឈូសតម្លៃ ២៥០ ដុល្លារ និងថ្លៃជួលមេក្រូសម្លេងមួយថ្ងៃ ៥០ ដុល្លារ។ តម្លៃទាំងនេះត្រូវបានគេកត់សម្គាល់ឃើញថា មានកម្រិតខ្ពស់ជាងតម្លៃសេវាកម្មឯកជននៅខាងក្រៅទៅទៀត។

លោកឧកញ៉ា យ៉ន សេងហាន បានគូសបញ្ជាក់ថា តាមទម្លាប់ និងធម៌វិន័យ វត្តអារាមគួរតែជាទីពឹងពាក់ប្រកបដោយសេចក្ដីអនុគ្រោះសម្រាប់ពុទ្ធបរិស័ទ ជាពិសេសអ្នកក្រីក្រ មិនមែនជាកន្លែងបង្កើតសម្ពាធហិរញ្ញវត្ថុបន្ថែមដល់ក្រុមគ្រួសារសពដែលកំពុងជួបទុក្ខលំបាកនោះទេ។

ជាមួយគ្នានេះ លោកឧកញ៉ាក៏បានអំពាវនាវដល់ព្រះចៅអធិការវត្ត ឱ្យបង្កើនការគ្រប់គ្រង និងពិនិត្យឡើងវិញលើសកម្មភាពរបស់គណៈកម្មការ និងអាចារ្យវត្ត។ ទន្ទឹមនឹងនេះ លោកក៏បានស្នើសុំយ៉ាងទទូចដល់ក្រសួងធម្មការ និងសាសនា មេត្តាចុះត្រួតពិនិត្យ និងមានវិធានការដោះស្រាយជាបន្ទាន់ចំពោះករណីនេះ ដើម្បីការពារតម្លៃព្រះពុទ្ធសាសនា និងជៀសវាងកុំឱ្យក្លាយជាគំរូមិនល្អដល់វត្តអារាមដទៃទៀតនៅក្នុងសង្គមជាតិ៕

Leave a Reply

Your email address will not be published. Required fields are marked *