រាជធានីភ្នំពេញ៖ ជីវិតគ្រួសារដ៏កម្សត់របស់ស្ត្រីម្នាក់ កំពុងធ្លាក់ក្នុងសភាពសោកសង្រេងយ៉ាងខ្លាំង បន្ទាប់ពីស្វាមីដែលជាអ្នករត់កង់បីចិញ្ចឹមជីវិត បានបាត់ខ្លួនឈឹងអស់រយៈពេលជិត ៣ខែមកហើយ ដោយគ្មានតម្រុយអ្វីសោះ។ អ្វីដែលកាន់តែខ្លោចផ្សាទៅទៀតនោះ គឺម៉ូតូកង់បីដែលជាឧបករណ៍រកស៊ីចិញ្ចឹមជីវិតរបស់ស្វាមី ត្រូវបានជនអនាមិកដុតបំផ្លាញចោលខ្ទេចខ្ទី។
តាមរយៈការបង្ហោះសារនៅលើបណ្ដាញសង្គមដ៏ក្ដុកក្ដួល ស្ត្រីជាភរិយាដែលកំពុងរង់ចាំដំណឹងស្វាមីទាំងទឹកភ្នែក បានបង្ហាញពីភាពអស់សង្ឃឹមយ៉ាងខ្លាំងក្នុងជីវិត។ ក្នុងស្ថានភាពដែលគ្មានទីពឹង និងគ្មានដំណឹងសូម្បីតែបន្តិចពីស្វាមី អ្នកស្រីបានពោលពាក្យអស់សង្ឃឹមរហូតដល់ថ្នាក់ចង់បញ្ចប់ជីវិតខ្លួនឯង ដើម្បីរំដោះទុក្ខកង្វល់ទាំងនេះ។
ការបង្ហោះសាររបស់ស្ត្រីរងគ្រោះ បានធ្វើឱ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមមានការក្តុកក្តួល និងអាណិតអាសូរយ៉ាងខ្លាំងចំពោះជោគវាសនាគ្រួសារមួយនេះ។ ស្របពេលជាមួយគ្នានេះ មហាជនបានរួមគ្នាបញ្ចេញមតិ និងសំណូមពរយ៉ាងទទូចទៅដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ សូមមេត្តាជួយអន្តរាគមន៍ និងពន្លឿនការស្រាវជ្រាវរកឱ្យឃើញនូវតម្រុយរបស់ស្វាមីស្ត្រីរងគ្រោះ ដើម្បីផ្ដល់ភាពយុត្តិធម៌ដល់ជនរងគ្រោះ។
លើសពីនេះ មហាជនក៏បានអំពាវនាវដល់សប្បុរសជន និងអាជ្ញាធរមូលដ្ឋាន សូមជួយយកចិត្តទុកដាក់ និងផ្ដល់ភាពកក់ក្តៅដល់គ្រួសារជនរងគ្រោះ ដើម្បីចៀសវាងកុំឱ្យមានសោកនាដកម្មណាមួយកើតឡើងជាបន្តទៀត ដែលអាចបង្កឱ្យបាត់បង់ជីវិតដោយសារតែវិបត្តិផ្លូវចិត្តមួយនេះ៕
សូមទស្សនាវីដេអូខាងក្រោមនេះ