ភ្នំពេញ៖ បញ្ហាកីឡាបានក្លាយជាប្រធានបទដ៏ក្តៅគគុកមួយនៅលើបណ្តាញសង្គម បន្ទាប់ពីមានការចែកចាយវីដេអូមួយដែលបង្ហាញពីសកម្មភាពដ៏អសីលធម៌របស់កីឡាករថៃម្នាក់ បានលួចវាយលោកគ្រូ ពេជ្រ សុផាន់ ពីក្រោយយ៉ាងពេញទំហឹង ដែលបង្កឱ្យមានការខឹងសម្បារយ៉ាងខ្លាំងពីសំណាក់មហាជន។
យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា ដើមហេតុនៃជម្លោះនេះគឺផ្តើមចេញពីករណីកីឡាករថៃរូបនេះ បានមកថ្លឹងគីឡូដើម្បីត្រៀមឡើងប្រកួត ប៉ុន្តែលទ្ធផលបង្ហាញថាគាត់បានលើសគីឡូដែលបានកំណត់។ ដោយសារតែមិនអាចបំពេញលក្ខខណ្ឌនៃការប្រកួតបាន គណៈកម្មការក៏បានសម្រេចមិនអនុញ្ញាតឱ្យកីឡាកររូបនេះឡើងប្រកួតនោះឡើយ។
ភ្លាមៗបន្ទាប់ពីដឹងថាខ្លួនមិនត្រូវបានអនុញ្ញាតឱ្យឡើងប្រកួត កីឡាករថៃរូបនេះក៏បានសម្តែងនូវកំហឹង និងចរិតកោងកាចមិនសមជាកីឡាករឡើយ។ នៅក្នុងវីដេអូដែលកំពុងផ្ទុះការចែកចាយ បានបង្ហាញយ៉ាងច្បាស់ថា ក្នុងពេលដែលលោកគ្រូ ពេជ្រ សុផាន់ កំពុងស្ថិតក្នុងភាពស្ងប់ស្ងាត់ កីឡាករថៃរូបនោះបានឆ្លៀតឱកាសលួចវាយប្រហារមកលើលោកគ្រូពីក្រោយយ៉ាងកំសាកតែម្តង។
ទង្វើនេះត្រូវបានមហាជន និងអ្នកតាមដានវិស័យកីឡាប្រដាល់ ចាត់ទុកថាជាការប្រព្រឹត្តដ៏អសីលធម៌បំផុត និងគ្មានវិជ្ជាជីវៈជាកីឡាករ។ អ្នកនិយមលេងបណ្តាញសង្គមជាច្រើនបានសម្តែងការហួសចិត្ត និងដាក់សំណួរទៅកាន់កីឡាកររូបនេះថា «តើភាពថ្លៃថ្នូរ និងវិន័យកីឡាត្រូវយកទៅទុកឯណា?»។
បច្ចុប្បន្ន ទង្វើដ៏អាម៉ាស់នេះកំពុងក្លាយជារឿងកក្រើក ដែលអ្នកគាំទ្រវិស័យកីឡាបានទាមទារឱ្យមានការចាត់វិធានការឱ្យបានតឹងរ៉ឹង ដើម្បីរក្សាបាននូវកិត្តិយស និងសីលធម៌ក្នុងវិស័យកីឡាប្រដាល់៕
សូមទស្សនាវីដេអូខាងក្រោមនេះ