ភាពផ្ទុយគ្នាជុំវិញការនាំចេញបង្គា៖ ថៃប្រកាសថា «ម៉ាឡេស៊ីនឹងបើកទីផ្សារក្នុងពេល ៣០ថ្ងៃ» តែភាគីម៉ាឡេស៊ីចេញមុខច្រានចោល

មានការបញ្ចេញមតិខុសគ្នាជុំវិញការដោះស្រាយបញ្ហានាំចេញបង្គារវាងប្រទេសថៃ និងម៉ាឡេស៊ី បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងកសិកម្មថៃបានប្រកាសថា ម៉ាឡេស៊ីនឹងបើកទ្វារទទួលបង្គាថៃឡើងវិញក្នុងរយៈពេល ៣០ថ្ងៃខាងមុខ ខណៈដែលភាគីម៉ាឡេស៊ីបានចេញមុខបដិសេធភ្លាមៗ ដោយបញ្ជាក់ថានោះគ្រាន់តែជាពេលវេលាសម្រាប់វាយតម្លៃឯកសារប៉ុណ្ណោះ។

ក្រោមសម្ពាធនៃក្តីបារម្ភ និងការទាមទារពីសំណាក់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកចិញ្ចឹមបង្គាថៃជុំវិញបញ្ហាកកស្ទះទីផ្សារនាំចេញ លោក Suriya Jungrungreangkit រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហករណ៍ថៃ បានប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា បង្គាថៃនឹងអាចនាំចេញទៅកាន់ប្រទេសម៉ាឡេស៊ីជាធម្មតាវិញក្នុងរយៈពេល ៣០ថ្ងៃខាងមុខ។ លោកបានបញ្ជាក់ថា ប្រទេសទាំងពីរបានព្រមព្រៀងគ្នាជំរុញដំណើរការត្រួតពិនិត្យវិធានការអនាម័យ និងភូតគាមអនាម័យ រួមទាំងការពិនិត្យរកសារធាតុគីមីបន្សល់ទុក ដើម្បីស្តារសកម្មភាពពាណិជ្ជកម្មឡើងវិញ។

ទោះជាយ៉ាងណាក៏ដោយ បើតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post ភាគីម៉ាឡេស៊ីបានចេញមុខបដិសេធចំពោះការលើកឡើងនេះ។ លោក Adnan Hussain អគ្គនាយកនៃនាយកដ្ឋានជលផលម៉ាឡេស៊ី បានពន្យល់ថា រយៈពេល ៣០ថ្ងៃដែលបានលើកឡើងនោះ មិនមែនជាពេលវេលាសម្រាប់បើកទីផ្សារឡើងវិញនោះទេ តែវាគ្រាន់តែជាពេលវេលាអប្បបរមាសម្រាប់ក្រុមការងារបច្ចេកទេសរបស់ម៉ាឡេស៊ី ក្នុងការវាយតម្លៃ និងផ្ទៀងផ្ទាត់ឯកសារសុវត្ថិភាពចំណីអាហារដែលភាគីថៃបានដាក់ជូនតែប៉ុណ្ណោះ។

មន្ត្រីជាន់ខ្ពស់ម៉ាឡេស៊ីរូបនេះបានសង្កត់ធ្ងន់ថា ម៉ាឡេស៊ីនឹងនៅតែបន្តវិធានការហាមឃាត់ការនាំចូលបង្គាពីប្រទេសថៃដោយគ្មានកំណត់ រហូតទាល់តែប្រព័ន្ធជីវសុវត្ថិភាពរបស់ថៃត្រូវបានត្រួតពិនិត្យ និងបញ្ជាក់ថាមានសុវត្ថិភាពស្របតាមស្តង់ដារបច្ចេកទេសរបស់ម៉ាឡេស៊ីពិតប្រាកដ៕

Leave a Reply

Your email address will not be published. Required fields are marked *