ភ្នំពេញ៖ បច្ចុប្បន្នជំងឺគ្រុនឈាមនៅតែជាបញ្ហាប្រឈមសុខភាពសាធារណៈដ៏គួរឱ្យព្រួយបារម្ភ ដោយថ្មីៗនេះ មានករណីសោកនាដកម្មមួយបានកើតឡើងទៅលើសិស្សានុសិស្សម្នាក់ ដែលបានទទួលមរណភាពដោយសារជំងឺគ្រុនឈាម ក្នុងពេលដែលយុវតីរូបនេះកំពុងមមាញឹកនឹងការសិក្សា។
ការបាត់បង់ជីវិតដ៏គួរឱ្យសោកស្ដាយនេះ បានបង្កឱ្យមានការក្រើនរំលឹកយ៉ាងខ្លាំងពីសំណាក់មហាជន និងសាច់ញាតិ ដើម្បីដាស់តឿនដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពសមាជិកគ្រួសារ។
ទាក់ទងនឹងបញ្ហានេះ អាជ្ញាធរជំនាញ និងគ្រូពេទ្យបានផ្ដល់អនុសាសន៍សំខាន់ៗមួយចំនួន ដើម្បីទប់ស្កាត់ការឆ្លងជំងឺគ្រុនឈាម រួមមាន៖
១. កម្ចាត់ជម្រកមូសខ្លា៖ ត្រូវលុបបំបាត់កន្លែងដក់ទឹកគ្រប់ប្រភេទដែលជាជម្រកមូសពង ដូចជា ពាងទឹក ថូផ្កា សំបកកង់ឡានចាស់ៗ និងកំប៉ុងទទេជាដើម។
២. ការការពារ៖ ត្រូវគេងក្នុងមុងទាំងពេលយប់ និងថ្ងៃ ដើម្បីការពារកុំឱ្យមូសខាំ។
៣. ការសង្កេតរោគសញ្ញា៖ ប្រសិនបើមានអាការៈក្ដៅខ្លួនខ្លាំងលើសពី ២ថ្ងៃ ត្រូវប្រញាប់នាំអ្នកជំងឺទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតបំផុតជាបន្ទាន់ ដោយមិនត្រូវទិញថ្នាំលេបដោយខ្លួនឯងនោះទេ។
សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមសហការគ្នាអនុវត្តវិធានការអនាម័យ ដើម្បីការពារអាយុជីវិតកូនចៅ និងមនុស្សជាទីស្រឡាញ់ពីមហន្តរាយនៃជំងឺគ្រុនឈាម។