លោក ផែង វណ្ណៈ ឧបត្ថម្ភថវិកា ៥ លានរៀល ដល់ជនរងគ្រោះដែលជាប់ពន្ធនាគារជិត ១ ឆ្នាំ ដោយសារការ «ចាប់ច្រឡំមនុស្ស» នៅខេត្តស្ទឹងត្រែង

(ស្ទឹងត្រែង)៖ នៅរសៀលថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៦ លោក ផែង វណ្ណៈ បាននាំយកថវិកាឧបត្ថម្ភចំនួន ៥ លានរៀល ទៅប្រគល់ជូនលោក ស្លេះ ហ្វឺត អាយុ ៥៦ ឆ្នាំ ដែលជាជនរងគ្រោះក្នុងករណីចាប់ខ្លួន និងឃុំខ្លួនដាក់ពន្ធនាគារអស់រយៈពេលជិត ១ ឆ្នាំ ទាំងគ្មានកំហុស ដោយសារតែការភាន់ច្រឡំអត្តសញ្ញាណ។

យោងតាមការចុះស្រាវជ្រាវផ្ទាល់របស់លោក ផែង វណ្ណៈ បានបង្ហាញភស្តុតាងយ៉ាងច្បាស់ថា មានការខុសគ្នាទាំងស្រុងរវាងជនសង្ស័យដែលតុលាការត្រូវការ និងបុរសដែលត្រូវបានចាប់ខ្លួន៖

១. ជនសង្ស័យក្នុងដីកាបង្គាប់ឱ្យចាប់ខ្លួន៖ មានឈ្មោះ ស្លេះ វើត អាយុ ៤៨ ឆ្នាំ មានឪពុកឈ្មោះ ទូសាដ ស្លេះ ម្ដាយឈ្មោះ គ្រីម ម៉ាស និងប្រពន្ធឈ្មោះ ម៉ា រីម៉ាស ដែលចេញដោយចៅក្រមសាលាដំបូងខេត្តស្ទឹងត្រែង។

២. ជនរងគ្រោះដែលត្រូវសមត្ថកិច្ចចាប់ខ្លួន៖ មានឈ្មោះ ស្លេះ ហ្វឺត អាយុ ៥៦ ឆ្នាំ មានឪពុកឈ្មោះ ស្លេះ ពៅ ម្ដាយឈ្មោះ តាលាស់ ម៉ាស់ និងប្រពន្ធឈ្មោះ សុះ ម៉ាអ៊ីម៉ះ។ អត្តសញ្ញាណនេះត្រូវបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងសំបុត្រកំណើត និងសលាកប័ត្រព័ត៌មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់គាត់។

លោក ផែង វណ្ណៈ បានអះអាងយ៉ាងដាច់អហង្ការថា ករណីលោក ស្លេះ ហ្វឺត គឺជាការ «ចាប់ច្រឡំមនុស្ស» យ៉ាងពិតប្រាកដ មិនមែនជាការដោះលែងដោយសារតែខ្វះភស្តុតាងដាក់បន្ទុកដូចការលើកឡើងនោះឡើយ។

លោកបានបញ្ជាក់បន្ថែមថា៖ «ខ្ញុំមិនចង់ឈ្នះចាញ់ជាមួយតុលាការខេត្តស្ទឹងត្រែងទេ តែខ្ញុំត្រូវការការពារប្រជាពលរដ្ឋស្លូតត្រង់ដែលគ្មានកំហុស តែបែរជាត្រូវគេចាប់ឃុំខ្លួនដាក់ពន្ធនាគារជិត ១ ឆ្នាំ យ៉ាងអយុត្តិធម៌បំផុត»។

សកម្មភាពមនុស្សធម៌ និងការស្វែងរកយុត្តិធម៌របស់លោក ផែង វណ្ណៈ នាពេលនេះ បានធ្វើឡើងដើម្បីជាការលើកទឹកចិត្តដល់ជនរងគ្រោះ និងជាការដាស់តឿនដល់ប្រព័ន្ធយុត្តិធម៌ ឱ្យមានការត្រួតពិនិត្យអត្តសញ្ញាណបុគ្គលឱ្យបានច្បាស់លាស់ មុននឹងសម្រេចចិត្តឃុំខ្លួន ដើម្បីជៀសវាងការបង្កទុក្ខទោសដល់ពលរដ្ឋស្លូតត្រង់៕

Leave a Reply

Your email address will not be published. Required fields are marked *