ប្រវត្តិរឿង៖ ជនដៃដល់គ្រឿងញៀននិងហិង្សាក្នុងគ្រួសារ បំផ្ទុះគ្រាប់បែកសម្លាប់សមត្ថកិច្ច និងប្រជាការពារអស់៦នាក់ ព្រមទាំងខ្លួនឯង នៅស្រុកវាលវែង ខេត្តពោធិ៍សាត់។
ពោធិ៍សាត់៖ នាល្ងាចថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦នេះ មានករណីអំពើឃាតកម្មដ៏ក្រៀមក្រំ និងគួរឱ្យរន្ធត់បំផុតមួយបានកើតឡើង នៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយសារតែជនបង្កម្នាក់ដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន និងអំពើហិង្សាក្នុងគ្រួសារ បានផ្ទុះគ្រាប់បែកដាក់កម្លាំងអន្តរាគមន៍។

អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ លោក ទូច សុឃ: បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងបន្ទាប់ពីកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានទទួលព័ត៌មាន និងចុះទៅអន្តរាគមន៍ផ្ទាល់នៅកន្លែងកើតហេតុ ក្រោយពេលជនសង្ស័យបានបង្កភាពវឹកវរ និងគំរាមកំហែង។ ប៉ុន្តែ អំឡុងពេលចុះអន្តរាគមន៍នោះ ជនសង្ស័យបានធ្វើសកម្មភាពយ៉ាងគឃ្លើន ដោយការគំរាម គប់បំផ្ទុះគ្រាប់បែកដាក់កម្លាំងសមត្ថកិច្ច និងប្រជាការពារ លុះក្រោយមក ប៉ូលីសម្នាក់បានដើរលបពីក្រោយ ចាប់អោបជនដៃដល់ដើម្បីបង្ក្រាប តែជនដៃដល់បានប្រតាយត្រាប់ រួចក៏ដកកៃគ្រាប់បែកបាន ក៏ផ្ទុះ បណ្តាលឱ្យមានសម្ថកិច្ច ១នាក់ ប្រជាការពារ ៣នាក់ និង ជនដៃដល់ ស្លាប់នៅកន្លែងកៀតហេតុ ឯសមត្ថកិច្ចម្នាក់ទៀតស្លាប់ពេលកំពុងសង្គ្រោះនៅមន្ទីពេទ្យ និង ម្នាក់ទៀតរងរបួសធ្ងន់។
ក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកដ៏រន្ធត់នេះ បានឆក់យកជីវិតមនុស្សសរុបចំនួន ៦នាក់ (រួមទាំងជនសង្ស័យ) នៅនឹងកន្លែង និងស្លាប់តាមផ្លូវ និងរបួសធ្ងន់ម្នាក់ រួមមាន៖ ជនបង្កហេតុ៖ ឈ្មោះ អែម ដុំ (ស្លាប់)
មន្ត្រីសមត្ថកិច្ច និងប្រជាការពារដែលបានពលីជីវិត (សរុប ៥នាក់)៖
1. ឈ្មោះ សោម រ៉ា នាយប៉ុស្តិ៍ (ស្លាប់នៅកន្លែង)
2. ឈ្មោះ ជ្រន ប្រឹម ប្រជាការពារ (ស្លាប់នៅកន្លែង)
3. ឈ្មោះ សុខ អាន ប្រជាការពារ (ស្លាប់នៅកន្លែង)
4. ឈ្មោះ ចិន្ដា ប្រជាការពារ (ស្លាប់នៅកន្លែង)
5. ឈ្មោះ សូ សុវណ្ណរិទ្ធ មន្ត្រីប៉ុស្តិ៍ (របួសធ្ងន់ និងបានស្លាប់តាមផ្លូវពេលបញ្ជូនទៅមន្ទីរពេទ្យ)
ជនរងគ្រោះរងរបួសធ្ងន់ (១នាក់)៖ ឈ្មោះ វ៉ី វឿន ជាប្រជាការពារ។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ កំពុងបន្តបើកកិច្ចស៊ើបអង្កេត និងស្រាវជ្រាវយ៉ាងលម្អិតបន្ថែមទៀត ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕ ប្រភពទាំងស្រុងពី DAP News






