(ភ្នំពេញ)៖ ជនដៃដល់ឈ្មោះ ឆេង ភារុន ដែលបានរត់គេចខ្លួនទៅកាន់ប្រទេសវៀតណាមមួយរយៈខ្លី បានសម្រេចចិត្តវិលត្រលប់មកប្រទេសកម្ពុជាវិញហើយ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នេះ ដើម្បីចូលខ្លួនសារភាព និងទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួនតាមផ្លូវច្បាប់ បន្ទាប់ពីមានការណែនាំ និងសំណូមពរយ៉ាងទទូចពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
យោងតាមប្រភពព័ត៌មានពីមន្ត្រីអនុវត្តច្បាប់ បានឱ្យដឹងថា គិតត្រឹមម៉ោង ៦:៣០នាទី ព្រឹកថ្ងៃដដែលនេះ ឈ្មោះ ឆេង ភារុន បានធ្វើដំណើរឆ្លងដែនពីប្រទេសវៀតណាម ចូលមកដល់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង។
ភ្លាមៗបន្ទាប់ពីការបង្ហាញខ្លួននៅច្រកទ្វារព្រំដែន កម្លាំងសមត្ថកិច្ចជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដែលបានរង់ចាំទទួលគោលដៅរួចជាស្រេច បានឃាត់ខ្លួនជនដៃដល់រូបនេះ ដើម្បីនាំយកមកអនុវត្តនីតិវិធីបន្តតាមផ្លូវច្បាប់។
ការវិលត្រលប់មកសារភាពកំហុសនេះ ត្រូវបានគេមើលឃើញថា ជាលទ្ធផលនៃការអំពាវនាវ និងការដាក់ចេញនូវវិធានការម៉ឺងម៉ាត់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដែលជានិច្ចកាលតែងតែជំរុញឱ្យជនល្មើសចូលខ្លួនមកដោះស្រាយតាមច្បាប់ជាជាងការរត់គេចខ្លួន ដែលមិនអាចរួចផុតពីសំណាញ់ច្បាប់បានឡើយ។
បច្ចុប្បន្ន ជនសង្ស័យកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់សមត្ថកិច្ច ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធីជាធរមាន៕


