រាជធានីភ្នំពេញ៖ ក្រោយមានករណីបេក្ខជនប្រឡងបាក់ឌុបមួយចំនួន បានជួបឧប្បត្តិហេតុច្រឡំមណ្ឌលប្រឡង រហូតបាត់បង់ឱកាសក្នុងការចូលរួមប្រឡង ពិធីការិនីដ៏ល្បីឈ្មោះអ្នកនាង មុត ស្រីនាង បានបង្ហាញក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពផ្លូវចិត្តរបស់បេក្ខជនទាំងនោះ ដោយសារតែមានមតិរិះគន់ខ្លាំងៗ និងការប្រើប្រាស់ពាក្យសម្តីមិនសមរម្យពីសំណាក់អ្នកលេងបណ្តាញសង្គមមួយចំនួន។
តាមរយៈការលើកឡើងរបស់អ្នកនាង មុត ស្រីនាង បានគូសបញ្ជាក់ថា ការច្រឡំមណ្ឌលរហូតឈានដល់ការខកខានការប្រឡង វាគឺជាការខកចិត្តដ៏ធំធេងមួយសម្រាប់ជីវិតសិស្សម្នាក់ៗទៅហើយ។ ដូច្នេះ ប្រសិនបើមហាជននៅតែបន្តការជេរប្រមាថ ឬរិះគន់ដោយពាក្យសម្តីធ្ងន់ៗបន្ថែមទៀត វានឹងធ្វើឱ្យផ្លូវចិត្តរបស់បេក្ខជនទាំងនោះរងការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរ។
អ្នកនាងបានសង្កត់ធ្ងន់ថា កំហុសឆ្គងនៃការច្រឡំមណ្ឌលនេះ មិនបានធ្វើឱ្យប៉ះពាល់ ឬបង្កគ្រោះថ្នាក់ដល់អ្នកដទៃឡើយ ហេតុនេះសូមឱ្យមហាជនមេត្តារិះគន់ក្នុងន័យស្ថាបនា ដោយរក្សាបាននូវក្រមសីលធម៌ និងការយល់ចិត្តគ្នាទៅវិញទៅមក។
ទន្ទឹមនឹងនេះដែរ ពិធីការិនីរូបនេះ ក៏បានធ្វើការអំពាវនាវយ៉ាងទទូចដល់អ្នកដែលបានថតវីដេអូ ឬបង្ហោះរូបភាពរបស់បេក្ខជនទាំងនោះនៅលើបណ្តាញសង្គម សូមមេត្តាគិតគូរដល់កិត្តិយស និងអនាគតរបស់ពួកគេផង។ អ្នកនាងបានស្នើឱ្យមានការបិទបាំងផ្ទៃមុខរបស់សិស្សទាំងនោះ ដើម្បីកុំឱ្យមានផលប៉ះពាល់ដល់អនាគតរបស់ពួកគេ ដែលនៅមានផ្លូវវែងឆ្ងាយត្រូវបន្តដំណើរទៅមុខទៀត។
ការលើកឡើងរបស់ មុត ស្រីនាង ទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់មហាជន ដោយពួកគេយល់ឃើញថា នេះគឺជាទង្វើដែលមានមនុស្សធម៌ និងជាការដាស់តឿនស្មារតីសង្គមឱ្យចេះអាណិតអាសូរ និងចេះផ្តល់ឱកាសដល់ក្មេងជំនាន់ក្រោយនៅពេលដែលពួកគេជួបទុក្ខលំបាក៕