ភ្នំពេញ៖ តារាកំប្លែងដ៏ល្បីឈ្មោះ នាយ តាក់ស៊ី ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ បានបង្ហាញនូវក្តីរំភើបយ៉ាងខ្លាំង និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់លោក។
នៅក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់លោកជំទាវ ហួន ចន្ទបូរ៉ា និងក្រុមការងារ ចុះសួរសុខទុក្ខដោយផ្ទាល់ដល់មន្ទីរពេទ្យ ព្រមទាំងបាននាំយកអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ដើម្បីចូលរួមសម្រាលបន្ទុកចំណាយក្នុងការសម្រាកព្យាបាលជំងឺរបស់តារាកំប្លែងរូបនេះ។
ថ្លែងទាំងទឹកមុខរំភើប និងក្តីរំភើបពន់ពេក នាយ តាក់ស៊ី បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏សប្បុរសរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ជាពិសេសសិល្បករ-សិល្បការិនី ដែលជួបការលំបាក។
ជាមួយគ្នានេះ នាយ តាក់ស៊ី ក៏បានឆ្លៀតឱកាសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តាមជួយបីបាច់ថែរក្សា និងជូនពរដល់ថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជា រួមមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ឱ្យមានសុខភាពល្អបរិបូរណ៍ និងជួបតែសេចក្តីសុខចម្រើន។
ទន្ទឹមនឹងនេះ តារាកំប្លែងរូបនេះ ក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យព្រះកុសុមៈ ដែលបានយកចិត្តទុកដាក់ផ្តល់ការព្យាបាលជូនលោកយ៉ាងយកចិត្តទុកដាក់ និងប្រកបដោយភាពកក់ក្តៅបំផុត រហូតដល់ស្ថានភាពជំងឺរបស់លោកមានការវិវត្តទៅរកភាពល្អប្រសើរឡើងវិញ។
សូមបញ្ជាក់ថា សកម្មភាពចុះសួរសុខទុក្ខនេះ គឺជាការបង្ហាញឱ្យឃើញពីកាយវិការមនុស្សធម៌ដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែបង្ហាញការគាំទ្រ និងលើកទឹកចិត្តដល់សិល្បករខ្មែរគ្រប់កាលៈទេសៈ៕