**ភ្នំពេញ៖** ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រសើបមួយដែលបង្កដោយបុគ្គលឈ្មោះ កក្កដា ដែលមានជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀននោះ លោកស្រីមេធាវី លឹម ច័ន្ទលីដា បានចេញមកពន្យល់បកស្រាយយ៉ាងច្បាស់លាស់អំពីផ្លូវច្បាប់ និងទម្ងន់ទោសដែលជនបង្កត្រូវប្រឈម។
យោងតាមការបញ្ជាក់របស់លោកស្រីមេធាវី ក្នុងករណីដែលបុគ្គលបើកបរក្រោមឥទ្ធិពលនៃគ្រឿងញៀន ហើយបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យអ្នកដទៃស្លាប់ ឬពិការអចិន្ត្រៃយ៍ ជនបង្កនឹងត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹង។
លោកស្រីមេធាវី លឹម ច័ន្ទលីដា បានគូសបញ្ជាក់ថា៖ «យោងតាមច្បាប់ជាធរមាន ជនល្មើសដែលប្រព្រឹត្តបទល្មើសក្នុងស្ថានភាពបែបនេះ នឹងត្រូវប្រឈមមុខនឹងការផ្តន្ទាទោសដាក់ពន្ធនាគារពី ៣ឆ្នាំ ទៅ ៥ឆ្នាំ។ ក្រៅពីទោសជាប់ពន្ធនាគារ ជនបង្កក៏នឹងត្រូវពិន័យជាប្រាក់ពី ៤លានរៀល ទៅ ១០លានរៀល ដែលប្រាក់ពិន័យនេះត្រូវបង់ចូលថវិការដ្ឋ»។
បន្ថែមពីលើទោសព្រហ្មទណ្ឌដែលរដ្ឋអនុវត្តនោះ លោកស្រីមេធាវីក៏បានសង្កត់ធ្ងន់ផងដែរថា ភាគីជនរងគ្រោះមិនមែនបាត់បង់សិទ្ធិត្រឹមនេះទេ។ ផ្ទុយទៅវិញ ជនរងគ្រោះ ឬក្រុមគ្រួសារជនរងគ្រោះ មានសិទ្ធិពេញលេញតាមផ្លូវច្បាប់ក្នុងការទាមទារសំណងរដ្ឋប្បវេណី រួមមាន៖ សំណងព្យសនកម្ម, ការខូចខាតទ្រព្យសម្បត្តិ និងសំណងជំងឺចិត្តពីជនបង្កបន្ថែមទៀត។
ការលើកឡើងរបស់លោកស្រីមេធាវីនេះ គឺជាការក្រើនរំលឹកដល់សាធារណជន ជាពិសេសអ្នកបើកបរគ្រប់រូប ឱ្យមានការប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរណ៍ ក៏ដូចជាចៀសវាងដាច់ខាតពីការប្រើប្រាស់គ្រឿងញៀន ឬគ្រឿងស្រវឹងមុនពេលបើកបរ ដើម្បីសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ ក៏ដូចជាចៀសផុតពីសំណាញ់ច្បាប់ដ៏ធ្ងន់ធ្ងរ៕