ស្នងការរងចរាចរណ៍ភ្នំពេញ ប្តេជ្ញាផ្តល់មេធាវីការពារក្តីដោយឥតគិតថ្លៃ ជូនគ្រួសារជនរងគ្រោះក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយអ្នកបើកបរមានសារធាតុញៀន

**ភ្នំពេញ៖** លោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងទទួលផែនការងារនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រកាសយ៉ាងមុតមាំនៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ នេះថា លោកនឹងផ្តល់កិច្ចការពារផ្លូវច្បាប់ជូនគ្រួសារជនរងគ្រោះ ដែលរងគ្រោះថ្នាក់ដោយសារជនបង្កឈ្មោះ ទ្រី សក្កដា ដែលបានបើកបរក្នុងស្ថានភាពមានសារធាតុញៀនក្នុងខ្លួន។

ការប្រកាសដ៏គួរឱ្យកោតសរសើរនេះ ត្រូវបានលោកឧត្តមសេនីយ៍ទោ ហេង រតនា បញ្ជាក់តាមរយៈបណ្តាញសង្គមផ្លូវការរបស់លោក ដើម្បីធានាថា «និយាយពិត ធ្វើពិត» និងដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ ដែលបានបាត់បង់ជីវិត និងរងរបួសធ្ងន់នៅក្នុងហេតុការណ៍ដ៏រន្ធត់នេះ។

លោកឧត្តមសេនីយ៍ទោ បានបញ្ជាក់ឱ្យដឹងថា លោកបានពឹងពាក់មេធាវីប្រចាំផែនចរាចរណ៍ចំនួន ២ រូប គឺលោកមេធាវី ម៉ី រាត្រី និងលោកមេធាវី ទឹម ហេងលី ដើម្បីរៀបចំពាក្យបណ្តឹង និងការពារសិទ្ធិជូនភាគីជនរងគ្រោះដោយស្ម័គ្រចិត្ត ដោយមិនគិតកម្រៃសេវាឡើយ។ ការចាត់វិធានការនេះ គឺធ្វើឡើងជាផ្លូវការ ដើម្បីធានាថាជនបង្កនឹងត្រូវទទួលទោសតាមច្បាប់យ៉ាងតឹងរ៉ឹងបំផុត ដោយមិនមានការយោគយល់ ឬឱ្យរួចខ្លួនឡើយ។

សូមរំលឹកថា ករណីនេះបានបង្កឱ្យមានការភ្ញាក់ផ្អើល និងក្តីអាណិតអាសូរយ៉ាងខ្លាំងពីមហាជន ដោយសារតែជនបង្កឈ្មោះ ទ្រី សក្កដា បានបើកបររថយន្តក្នុងស្ថានភាពមានសារធាតុញៀន បង្កគ្រោះថ្នាក់បណ្តាលឱ្យម្តាយរងរបួសធ្ងន់ និងកូនស្រីបានបាត់បង់ជីវិតយ៉ាងអណោចអធ័ម។

សកម្មភាពរបស់ស្នងការរងរូបនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជន ដែលចាត់ទុកថាជាការផ្តល់ភាពកក់ក្តៅ និងយុត្តិធម៌ជូនជនរងគ្រោះ ដើម្បីឱ្យសង្គមមានសណ្តាប់ធ្នាប់ និងការគោរពច្បាប់ចរាចរណ៍កាន់តែប្រសើរឡើង៕

សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply

Your email address will not be published. Required fields are marked *