ភ្នំពេញ៖ សកម្មភាពមនុស្សធម៌ដ៏គួរឱ្យស្ញប់ស្ញែងមួយបាននិងកំពុងទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់មហាជនទូទាំងប្រទេស បន្ទាប់ពីលោកជំទាវ សុភា បុតឈ័រ បានប្រកាសស្វែងរក និងផ្ដល់ជំនួយថវិកាចំនួន ៥,០០០ដុល្លារអាមេរិក ជូនដល់ស្ត្រីចំណាស់ម្នាក់ ដែលបានរងគ្រោះដោយអំពើហិង្សា និងការធ្វើទារុណកម្មយ៉ាងឃោរឃៅ។
តាមរយៈការបង្ហោះនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន លោកជំទាវ សុភា បុតឈ័រ បានបង្ហាញអារម្មណ៍ក្ដុកក្ដួល និងអាណិតអាសូរជាទីបំផុត បន្ទាប់ពីបានឃើញរូបភាព និងដឹងពីដំណើររឿងដ៏ឈឺចាប់របស់ជនរងគ្រោះ។ លោកជំទាវបានរៀបរាប់ទាំងទឹកភ្នែកថា ទឹកមុខស្លូតបូតរបស់ស្ត្រីចំណាស់រូបនេះ បានធ្វើឱ្យលោកជំទាវមានចិត្តអាណិតអាសូរយ៉ាងខ្លាំង ហើយមិនអាចនៅស្ងៀមបានឡើយ។
គោលបំណងសំខាន់នៃជំនួយមនុស្សធម៌នេះ គឺដើម្បីផ្ដល់ឱកាសឱ្យស្ត្រីរងគ្រោះអាចចាកចេញពីស្ថានភាពដ៏លំបាក និងកុំឱ្យត្រឡប់ទៅរងការធ្វើបាបទៀត។ ថវិកាចំនួន ៥,០០០ដុល្លារនេះ នឹងក្លាយជាដើមទុនសម្រាប់ជនរងគ្រោះយកទៅចាប់ផ្ដើមអាជីវកម្មខ្នាតតូចមួយ ដើម្បីអាចប្រកបរបរចិញ្ចឹមជីវិត និងរស់នៅដោយមានសេចក្តីថ្លៃថ្នូរក្នុងសង្គម។
ជាមួយគ្នានេះ លោកជំទាវបានអំពាវនាវដល់បងប្អូនមហាជនជួយចែករំលែកព័ត៌មាននេះបន្ត ដើម្បីឱ្យជនរងគ្រោះ ឬអ្នកដែលស្គាល់ទីតាំងរបស់គាត់ អាចទំនាក់ទំនងមកកាន់ក្រុមការងាររបស់លោកជំទាវបានភ្លាមៗ។
សកម្មភាពនេះបានក្លាយជាគំរូដ៏ល្អមួយនៃការចែករំលែក និងការយកចិត្តទុកដាក់ចំពោះជនងាយរងគ្រោះក្នុងសង្គម ដោយទទួលបានការកោតសរសើរ និងពាក្យជូនពរយ៉ាងច្រើនសន្ធឹកសន្ធាប់ពីមហាជន ដែលបានចូលមកបញ្ចេញមតិកោតសរសើរចំពោះទឹកចិត្តដ៏សប្បុរសរបស់លោកជំទាវ៕