មិនបាច់មានបក្សពួក! ឃាត់ខ្លួនយុវជនម្នាក់ បើកទីតាំងឆបោកអនឡាញម្នាក់ឯង នៅក្រុងសិរីសោភ័ណ

ខេត្តបន្ទាយមានជ័យ៖ កម្លាំងចម្រុះខេត្តបន្ទាយមានជ័យ បានចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) មួយកន្លែង នៅក្នុងក្រុងសិរីសោភ័ណ ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលធ្វើសកម្មភាព និងគ្រប់គ្រងការិយាល័យល្មើសច្បាប់នេះតែម្នាក់ឯង។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ។ លោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត បានដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យគោលដៅសង្ស័យចំនួន ០៣ទីតាំង ក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ ដោយមានការសម្របសម្រួលនីតិវិធីពីលោក មុត សម្បត្តិ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត។

ជាលទ្ធផលនៃការចុះឆែកឆេរ សមត្ថកិច្ចបានរកឃើញទីតាំងប្រព្រឹត្តបទល្មើសចំនួន ០១កន្លែង ស្ថិតនៅក្នុងភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។ នៅក្នុងទីតាំងនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ស៊ុន វីរៈ អាយុ ២២ឆ្នាំ ដែលជាអ្នករៀបចំ និងធ្វើសកម្មភាពឆបោកតែម្នាក់ឯង។

សម្ភារៈ និងវត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន កុំព្យូទ័រលើតុ (Desktop) ចំនួន ០១ឈុត (រួមមានម៉ូនីទ័រ, ធុង CPU និងក្តារចុច) ដែលជាឧបករណ៍សម្រាប់ប្រើប្រាស់ក្នុងសកម្មភាពល្មើសច្បាប់។

បច្ចុប្បន្ន ជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការសាកសួរ និងបន្តនីតិវិធីច្បាប់។

ជាមួយគ្នានេះ អាជ្ញាធរក៏បានអំពាវនាវ និងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ ការជួញដូរ ឬការរកស៊ីនានាតាមប្រព័ន្ធអនឡាញ ដែលមានលក្ខណៈមិនប្រក្រតី ដើម្បីជៀសវាងការធ្លាក់ក្នុងឧបាយកលឆបោករបស់ជនខិលខូច៕

Leave a Reply

Your email address will not be published. Required fields are marked *