យុវតីម្នាក់អាយុ ១៧ឆ្នាំ ដែលត្រូវបានគេរាយការណ៍ថាមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ បានប៉ុនប៉ងបញ្ចប់ជីវិតខ្លួនឯងដោយការលោតពីលើស្ពានជ្រោយចង្វារចំនួនពីរដង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីពេលថ្មីៗនេះ ប៉ុន្តែត្រូវបានប្រជាពលរដ្ឋជួយឃាត់ខ្លួនទាន់ពេលវេលា។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា ក្មេងស្រីរងគ្រោះបានរត់ឡើងលើស្ពានជ្រោយចង្វារក្នុងបំណងលោតចុះទៅក្រោម។ ភ្លាមៗនោះ ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់បានឃើញទាន់ ក៏បាននាំគ្នាជួយឃាត់ និងនាំនាងចុះមកអង្គុយសម្រាកនៅក្រោមស្ពានដើម្បីសម្រួលអារម្មណ៍។ ទោះជាយ៉ាងណា មួយសន្ទុះក្រោយមក យុវតីរូបនេះបានឆ្លៀតឱកាសលួចរត់ឡើងលើស្ពានម្តងទៀត ដើម្បីប៉ុនប៉ងលោតទឹកជាលើកទីពីរ ប៉ុន្តែនៅតែត្រូវបានគេជួយឃាត់ទាន់ដដែល។
នៅក្នុងហេតុការណ៍នោះ យុវតីរងគ្រោះបានយំរៀបរាប់ទាំងអារម្មណ៍ក្ដុកក្ដួលថា នាងកំពុងជួបប្រទះវិបត្តិបាក់ទឹកចិត្តយ៉ាងធ្ងន់ធ្ងរ ដោយសារតែខឹងសង្សារមិនយល់ចិត្ត និងបានប្លុក (Block) គណនីទំនាក់ទំនង (Chat) របស់នាង។ នាងបានបន្តថា កន្លងមកសូម្បីតែក្រុមគ្រួសារក៏មិនសូវយកចិត្តទុកដាក់ ឬខ្វល់ខ្វាយពីនាងដែរ ដោយនាងមានតែសង្សារម្នាក់ប៉ុណ្ណោះជាទីបង្អែកផ្លូវចិត្ត តែចុងក្រោយនៅពេលមានបញ្ហា ទើបធ្វើឱ្យនាងមានអារម្មណ៍ទាល់ច្រក និងសម្រេចចិត្តគិតខ្លីបែបនេះ។
ក្រោយកើតហេតុ យុវតីរូបនេះត្រូវបានប្រជាពលរដ្ឋ និងអាជ្ញាធរជួយសម្រាលអារម្មណ៍ និងស្វែងរកវិធីសាស្ត្រទំនាក់ទំនងទៅកាន់សាច់ញាតិ ដើម្បីការពារសុវត្ថិភាព និងជៀសវាងការបង្កគ្រោះថ្នាក់ជាយថាហេតុណាមួយកើតឡើងជាថ្មីទៀត៕