ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នេះ សំណុំរឿងក្តីកក្រើកបណ្តាញសង្គមដែលពាក់ព័ន្ធនឹងស្ត្រីឈ្មោះ ចិន្តា សុវណ្ណារី បានឈានដល់ដំណាក់កាលថ្មីមួយទៀតហើយ។
យោងតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅវេលាម៉ោងជិត ៨ព្រឹក សមត្ថកិច្ចបាននាំខ្លួនស្ត្រីរូបនេះមកដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាផ្លូវការ។ អ្វីដែលមហាជនចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺ ស្ត្រីរូបនេះត្រូវបានសមត្ថកិច្ច «ពាក់ខ្នោះដៃ» ដែលជាសញ្ញាបង្ហាញថា នីតិវិធីច្បាប់នឹងត្រូវបន្តបញ្ជូនទៅកាន់ស្ថាប័នតុលាការដើម្បីចាត់ការតាមនីតិវិធី។
គួររំលឹកថា ការចាប់ខ្លួននេះមិនមែនជារឿងចៃដន្យនោះទេ ដោយសារតែស្ត្រីរូបនេះមានប្រវត្តិធ្លាប់ជេរប្រមាថអតិថិជនជាច្រើនលើកច្រើនសារ។ មិនត្រឹមតែបទល្មើសជេរប្រមាថប៉ុណ្ណោះទេ សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវពិនិត្យមើលបទល្មើសផ្សេងៗទៀត ជាពិសេសករណី «ឆបោក ឬក្បត់ទំនុកចិត្ត» ដែលប៉ះពាល់ដល់ពលរដ្ឋជាច្រើននាក់កន្លងមក។ រាល់ព័ត៌មានលម្អិតជុំវិញករណីនេះ យើងនឹងបន្តរាយការណ៍ជូនជាបន្តបន្ទាប់ទៀត។