ស្ទឹងត្រង់៖ មហាជន និងមន្ត្រីនគរបាលជាតិជាច្រើននាក់ បានសម្តែងការសោកស្តាយជាខ្លាំង ចំពោះការបាត់បង់លោកអនុសេនីយ៍ឯក ម៉ាប់ សុផាត អធិការរងនៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ដែលបានទទួលមរណភាព នៅក្រោយពេលដែលលោកបានព្យាយាមតស៊ូសង្គ្រោះជីវិតអស់រយៈពេលជាច្រើនខែ។
សូមរំលឹកថា កាលពីអំឡុងខែមេសា កន្លងទៅនេះ លោក ម៉ាប់ សុផាត បានដឹកនាំកម្លាំងចុះអន្តរាគមន៍ទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើងដែលបង្កជម្លោះនៅកន្លែងប្រដាល់មួយកន្លែង។ ក្នុងប្រតិបត្តិការដ៏គ្រោះថ្នាក់នោះ លោកត្រូវបានជនសង្ស័យប្រើប្រាស់អាវុធចាក់ចំមុខ (ក្បែរភ្នែក និងច្រមុះ) បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ រហូតដល់សន្លប់បាត់ស្មារតី។
ដោយសារស្ថានភាពរបួសមានសភាពធ្ងន់ធ្ងរខ្លាំង (មានឈាមកកក្នុងខួរក្បាល) លោកត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅប្រទេសវៀតណាម ប៉ុន្តែដោយសារស្ថានភាពរបួសមិនអាចសង្គ្រោះបាន លោកក៏បានលាចាកលោកទៅកាន់លោកខាងមុខ។
ការបាត់បង់លោក ម៉ាប់ សុផាត គឺជាការបាត់បង់មន្ត្រីនគរបាលដ៏ឆ្នើមមួយរូប ដែលមានឆន្ទៈមោះមុតក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម និងហ៊ានលះបង់ជីវិតដើម្បីសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។
ទន្ទឹមនឹងការសោកស្តាយនេះ មហាជនបានរួមគ្នាផ្ញើសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំដល់ក្រុមគ្រួសារនៃសព និងបួងសួងសូមឱ្យដួងវិញ្ញាណក្ខន្ធរបស់លោក បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។