ភ្នំពេញ៖ បន្ទាប់ពីផ្ទុះការរិះគន់ក្នុងបណ្តាញសង្គមជុំវិញករណីជម្លោះជាមួយអ្នករត់កង់បីកាលពីពេលថ្មីៗនេះ អ្នកនាង កាកាតឿ បានចេញវីដេអូឆ្លើយតបទាំងកំហឹង ដោយបានបកស្រាយបំភ្លឺជុំវិញហេតុការណ៍ដែលបានកើតឡើង ក៏ដូចជាការរិះគន់ចំៗទៅលើការផ្សព្វផ្សាយរបស់សារព័ត៌មានមួយ។
ក្នុងវីដេអូដែលបានបង្ហោះ អ្នកនាង កាកាតឿ បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងចំពោះអ្នកសារព័ត៌មានឈ្មោះ មាស សារ៉ា ដោយអ្នកនាងបានលើកឡើងថា ការចុះផ្សាយព័ត៌មានគួរតែមានការសាកសួរព័ត៌មានពីភាគីទាំងសងខាង (Double Check) និងត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈជាចម្បង ជៀសវាងការផ្សាយដើម្បីតែស្វែងរកការចាប់អារម្មណ៍ ឬចង់ល្បី ដែលបង្កឱ្យប៉ះពាល់ដល់កិត្តិយសអ្នកដទៃ។
ពាក់ព័ន្ធនឹងដើមចមនៃរឿងរ៉ាវនេះ អ្នកនាង កាកាតឿ បានពន្យល់ថា ការដែលអ្នកនាងបង្ហោះវីដេអូកាលពីថ្ងៃទី១៨ កក្កដា (មិនមែនថ្ងៃទី១៩ ដូចការចោទប្រកាន់) គឺដោយសារតែអ្នកនាងមិនអាចទាក់ទងទៅអ្នករត់កង់បីរូបនោះបានរយៈពេលជាង ៣ម៉ោង ដើម្បីទាមទារយកកង់អង្គុយរបស់នាងមកវិញ បន្ទាប់ពីការជិះនោះជាការហៅតាមផ្លូវធម្មតា មិនមែនកក់តាមរយៈ App នោះទេ។
អ្នកនាងបានបន្តថា ក្រោយពីវីដេអូបានផ្ទុះឡើង ទើបអ្នករត់កង់បីរូបនោះទាក់ទងមកវិញ។ ភ្លាមៗនោះ អ្នកនាងក៏បានសម្រេចចិត្តលុបវីដេអូចោល ហើយក៏បានជូនសគុណជាថវិកាចំនួន ២០ម៉ឺនរៀល ព្រមទាំងមានថវិកាបន្ថែមពីម្ចាស់ប្រេនទៀតផង។
យ៉ាងណាក៏ដោយ អ្នកនាង កាកាតឿ បានបញ្ជាក់ដោយការហួសចិត្តថា នៅក្នុងវីដេអូដើម អ្នកនាងមិនបានបង្ហាញមុខអ្នករត់កង់បីនោះឡើយ ប៉ុន្តែអ្នកនាងមិនយល់ថាហេតុអ្វីបានជាគាត់នៅតែទៅផ្តល់បទសម្ភាសន៍ ដែលបង្កឱ្យប៉ះពាល់ដល់កិត្តិយសអ្នកនាង ដែលកំពុងស្ថិតក្នុងសភាពសម្រាកព្យាបាលក្រោយសម្រាលកូន (សរសៃខ្ចី) បែបនេះទៅវិញ៕