ក្តីឈឺចាប់របស់ភរិយាបុរសរត់កង់បីដែលបាត់ខ្លួនជាង ៣ ខែ៖ អង្វរករមហាជនឈប់ចែកចាយព័ត៌មានមិនពិត និងកុំលេងសើបលើការឈឺចាប់របស់អ្នកដទៃ

សូមទស្សនាវីដេអូខាងក្រោមនេះ

ភ្នំពេញ៖ ជាង ៣ ខែមកហើយ ដែលភរិយារបស់បុរសរត់កង់បីម្នាក់ រស់នៅក្នុងភាពស្រងូតស្រងាត់ និងក្តីបារម្ភយ៉ាងខ្លាំង បន្ទាប់ពីស្វាមីបានបាត់ខ្លួនដោយមិនដឹងជោគវាសនាថា រស់ឬស្លាប់ ខណៈបន្សល់ទុកត្រឹមតែម៉ូតូកង់បីដែលត្រូវភ្លើងឆេះខ្ទេចខ្ទី។ ថ្មីៗនេះ ភរិយារបស់ជនរងគ្រោះ បានចេញមុខអង្វរករដល់មហាជន និងអ្នកប្រើប្រាស់បណ្តាញសង្គម សូមមេត្តាយល់ចិត្ត និងឈប់ចែកចាយព័ត៌មានមិនច្បាស់លាស់ដែលធ្វើឱ្យគ្រួសារនាងកាន់តែឈឺចាប់។

តាមរយៈសារដ៏រំជួលចិត្ត ភរិយារបស់ជនរងគ្រោះបានរៀបរាប់ទាំងទឹកភ្នែកថា រយៈពេលកន្លងមកនេះ នាងតែងតែទទួលបានដំណឹងមិនច្បាស់លាស់ជាច្រើនពីសំណាក់អ្នកលេងបណ្តាញសង្គម។ អ្នកខ្លះនិយាយថាឃើញបុរសរូបនេះនៅកន្លែងនេះ អ្នកខ្លះថាឃើញនៅកន្លែងនោះ សូម្បីតែព័ត៌មានថាឃើញនៅប្រទេសថៃ ឬឃើញនៅតាមទីកន្លែងកម្សាន្តនានា ក៏ត្រូវបានគេយកទៅចែកចាយបន្តយ៉ាងព្រោងព្រាតដោយគ្មានមូលដ្ឋាន។

នាងបានបង្ហាញពីការឈឺចាប់យ៉ាងខ្លាំងថា៖ «ខ្ញុំសុំចិត្តបងប្អូនទាំងអស់គ្នា គួរតែយល់ពីចិត្តខ្ញុំខ្លះផង។ ម្នាក់ថាឃើញនៅកន្លែងនេះ ម្នាក់ថាឃើញនៅកន្លែងនោះ តើឱ្យខ្ញុំជឿកន្លែងណា? បើសិនជាបងប្អូនបានឃើញពិតមែន ក៏មិនគួរលួចថត ឬនិយាយលេងសើបបែបនេះដែរ។ អ្នកផ្សាយព័ត៌មានមួយចំនួនក៏ដូចគ្នា យកទៅកាត់តថាប្តីខ្ញុំនៅមានជីវិត ឬឃើញនៅផាប់នេះផាប់នោះ តើយូរៗទៅខ្ញុំអាចទៅរកយុត្តិធម៌នៅឯណា?»។

ភរិយារបស់ជនរងគ្រោះបានបញ្ជាក់យ៉ាងច្បាស់ថា មកដល់ពេលនេះ ក្រៅពីភាពមិនប្រាកដប្រជាខាងលើ អ្វីដែលនាងមានក្នុងដៃគឺមានតែម៉ូតូកង់បីរបស់ស្វាមីដែលត្រូវភ្លើងឆេះខ្ទេចខ្ទីអស់តែប៉ុណ្ណោះ។ នាងបានអំពាវនាវដល់សង្គមមេត្តាឈប់បង្កើនការឈឺចាប់បន្ថែមតាមរយៈការចែកចាយព័ត៌មានមិនពិត ឬការលេងសើបលើវាសនារបស់មនុស្សដែលកំពុងជួបទុក្ខលំបាក។

ការបាត់ខ្លួនរបស់បុរសរត់កង់បីរូបនេះ បានក្លាយជារឿងរ៉ាវដ៏សោកសង្រេងមួយ ដែលទាមទារឱ្យមានការចូលរួមអាណិតអាសូរ និងការគោរពសិទ្ធិបុគ្គលពីសំណាក់អ្នកលេងបណ្តាញសង្គម ដើម្បីកុំឱ្យគ្រួសារជនរងគ្រោះត្រូវទទួលរងនូវសម្ពាធផ្លូវចិត្តបន្ថែមទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *