**(ពោធិ៍សាត់)៖** ករណីដ៏រន្ធត់ និងក្រៀមក្រំបំផុតមួយបានកើតឡើងនៅព្រលប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ នេះ ក្នុងភូមិសាស្ត្រឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ខណៈដែលកម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍បង្ក្រាបករណីអំពើហិង្សាក្នុងគ្រួសារមួយ ប៉ុន្តែត្រូវបានជនបង្កបំផ្ទុះគ្រាប់បែក បណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសជាច្រើននាក់។
យោងតាមការបញ្ជាក់ពី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងប្រតិបត្តិការនោះ មន្ត្រីនគរបាលជាតិ និងកម្លាំងប្រជាការពារសរុបចំនួន ៥រូប បានពលីជីវិតយ៉ាងអាណោចអាធ័ម រួមមាន៖
១. លោក សាម រ៉ា នាយប៉ុស្តិ៍ (ស្លាប់)
២. លោក សូ សុវណ្ណរិទ្ធ មន្ត្រីប៉ុស្តិ៍ (ស្លាប់)
៣. លោក ជ្រន ប្រឹម ប្រជាការពារ (ស្លាប់)
៤. លោក សុខ អាន ប្រជាការពារ (ស្លាប់)
៥. លោក ចិន្តា ប្រជាការពារ (ស្លាប់)
ក្រៅពីមន្ត្រីដែលពលីទាំង ៥រូប ក៏មានប្រជាការពារម្នាក់ទៀតគឺលោក វ៉ី វឿន បានរងរបួសធ្ងន់ ចំណែកឯជនបង្កឈ្មោះ អែម ដុំ ក៏បានស្លាប់ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកនោះដែរ។
របាយការណ៍បឋមបានបង្ហាញថា ជនបង្កគឺជាអ្នកប្រើប្រាស់គ្រឿងញៀន និងបានប្រើអំពើហិង្សាក្នុងគ្រួសារ។ បន្ទាប់ពីទទួលព័ត៌មានពីប្រពន្ធជនបង្ក កម្លាំងសមត្ថកិច្ចបានចេញប្រតិបត្តិការភ្លាមៗដើម្បីជួយសង្គ្រោះ ប៉ុន្តែជាអកុសល ជនបង្កបានសម្រេចចិត្តបំផ្ទុះគ្រាប់បែកក្នុងពេលសមត្ថកិច្ចកំពុងធ្វើអន្តរាគមន៍តែម្តង។
ពាក់ព័ន្ធនឹងសោកនាដកម្មនេះ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានណែនាំដល់អគ្គស្នងការដ្ឋាននគរបាលជាតិ រដ្ឋបាលខេត្ត និងស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ឱ្យយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការរៀបចំពិធីបុណ្យសពជូនដល់សពមន្ត្រីនគរបាល និងប្រជាការពារដែលបានពលី។ ជាមួយគ្នានោះ ឯកឧត្តមបានបញ្ជាឱ្យសមត្ថកិច្ចបន្តស្រាវជ្រាវរកមុខសញ្ញាចែកចាយគ្រឿងញៀនក្នុងមូលដ្ឋាន និងប្រភពគ្រាប់បែកដែលជនបង្កយកមកប្រើប្រាស់។
ក្នុងនាមក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានសម្ដែងនូវសេចក្ដីទុក្ខសោកយ៉ាងក្រៀមក្រំ និងចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសពទាំងអស់។ ឯកឧត្តមបានគូសបញ្ជាក់ថា ពលិកម្មដ៏ធំធេងរបស់មន្ត្រីយើងក្នុងករណីនេះ គឺជាការដាស់តឿនយ៉ាងខ្លាំងក្លាថា «គ្រឿងញៀនគឺជាឃាតករ និងជាសត្រូវដ៏អាក្រក់បំផុតសម្រាប់សង្គមជាតិយើងទាំងមូល»៕