ភ្នំពេញ៖ បន្ទាប់ពីក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា បានបង្កើតប្រវត្តិសាស្ត្រថ្មីដោយយកឈ្នះលើក្រុមខ្លាំងឥណ្ឌូណេស៊ី ក្នុងលទ្ធផល ៣-២ និងគ្រងតំណែងជើងឯកនៃការប្រកួតពានរង្វាន់ SEA V-League លើកទី៦ យ៉ាងអស្ចារ្យនោះ លោកជំទាវ ទ្រី ដាណា បានបង្ហាញនូវទឹកចិត្តដ៏ថ្លៃថ្លា ដោយប្រកាសឧបត្ថម្ភថវិកាលើកទឹកចិត្តចំនួន ១០,០០០ដុល្លារអាមេរិកភ្លាមៗតែម្តង។
តាមរយៈការបង្ហោះសារនៅលើបណ្តាញសង្គមផ្ទាល់ខ្លួន លោកជំទាវ ទ្រី ដាណា បានសម្តែងអារម្មណ៍រំភើបយ៉ាងខ្លាំងចំពោះជ័យជម្នះរបស់កីឡាករជម្រើសជាតិយើង ដែលបាននាំមកនូវកិត្តិយសជូនជាតិមាតុភូមិ។ លោកជំទាវ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «រំភើបណាស់ហើយក៏ចូលរួមអបអរសាទរជាខ្លាំង ចែសុំចូលរួមលើកទឹកចិត្ត ១០,០០០ដុល្លារ… ដើម្បីជំរុញកីឡាបាល់ទះកម្ពុជាឱ្យល្បីរន្ទឺលើឆាកអន្តរជាតិ»។
សកម្មភាពនេះ បានបង្កជាការកោតសរសើរយ៉ាងខ្លាំងពីសំណាក់មហាជន ជាពិសេសអ្នកស្រឡាញ់វិស័យកីឡាបាល់ទះ។ ការឧបត្ថម្ភនេះមិនត្រឹមតែជាការផ្តល់រង្វាន់ដល់កីឡាករប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការលើកទឹកចិត្តដ៏ធំធេងមួយ ដើម្បីជំរុញឱ្យកីឡាកររបស់យើងបន្តខិតខំប្រឹងប្រែងហ្វឹកហាត់ និងពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីឆ្ពោះទៅកាន់ជោគជ័យថ្មីៗលើឆាកអន្តរជាតិ។
គួរបញ្ជាក់ផងដែរថា ជ័យជម្នះនេះគឺជាសក្ខីភាពបញ្ជាក់ពីការរីកចម្រើននៃវិស័យកីឡាបាល់ទះនៅកម្ពុជា ដែលទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីថ្នាក់ដឹកនាំ និងសប្បុរសជននានា ដែលតែងតែនៅពីក្រោយខ្នងជានិច្ច ដើម្បីជំរុញស្មារតីកីឡាករឱ្យកាន់តែរឹងមាំ៕