ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នេះ ក្តីសង្ឃឹមថ្មីបានកើតមានឡើងចំពោះស្ត្រីជនជាតិរុស្ស៊ីម្នាក់ រួមជាមួយកូនតូចៗ ដែលកំពុងជួបបញ្ហាខ្វះខាត និងស្នាក់នៅបណ្តោះអាសន្នលើទឹកដីកម្ពុជា បន្ទាប់ពីទទួលបានការជួយជ្រោមជ្រែងពីលោក ផែង វណ្ណៈ។
លោក ផែង វណ្ណៈ បានចុះទៅជួបស្ត្រីជនជាតិរុស្ស៊ីរូបនេះដោយផ្ទាល់ នៅឯលំនៅឋានរបស់លោក ឧត្តម មុន្នី ក្នុងខណ្ឌសែនសុខ ដែលជាទីតាំងស្នាក់នៅបណ្ដោះអាសន្នរបស់គ្រួសារនេះ។ ក្នុងឱកាសចុះសួរសុខទុក្ខនោះ លោក ផែង វណ្ណៈ បាននាំយកថវិកាចំនួន ៥០០ដុល្លារអាមេរិក ជូនដល់ស្ត្រីរូបនេះ ដើម្បីជួយសម្រួលដល់ការចំណាយ និងការរស់នៅប្រចាំថ្ងៃ។
មិនត្រឹមតែការឧបត្ថម្ភថវិកាប៉ុណ្ណោះទេ លោក ផែង វណ្ណៈ ក៏បានបង្ហាញពីកាយវិការមនុស្សធម៌ដ៏ថ្លៃថ្លា ដោយបានផ្តល់ជម្រើស និងក្តីសង្ឃឹមដល់ស្ត្រីរូបនេះថា ប្រសិនបើនាងមានបំណងចង់វិលត្រឡប់ទៅកាន់ប្រទេសរុស្ស៊ីវិញ លោកនឹងទទួលរ៉ាប់រងសម្របសម្រួលគ្រប់បែបយ៉ាង។ លោកបានបញ្ជាក់យ៉ាងច្បាស់ថា លោកនឹងនាំយកគ្រួសារនេះទៅកាន់ស្ថានទូតរុស្ស៊ី ដើម្បីស្នើសុំលិខិតធ្វើដំណើរត្រឹមត្រូវ ព្រមទាំងធានារ៉ាប់រងទាំងស្រុងលើការចំណាយថ្លៃសំបុត្រយន្តហោះ និងសេវាពាក់ព័ន្ធផ្សេងៗទៀត ដើម្បីធានាថាពួកគេអាចវិលត្រឡប់ទៅកាន់ស្រុកកំណើតដោយសុវត្ថិភាព។
កាយវិការដ៏ប្រពៃរបស់លោក ផែង វណ្ណៈ ត្រូវបានមហាជនកោតសរសើរយ៉ាងខ្លាំង ដែលបានលាតដៃជួយសង្គ្រោះជនបរទេសដែលកំពុងជួបការលំបាកនៅលើទឹកដីកម្ពុជា បង្ហាញពីទឹកចិត្តមនុស្សធម៌ដោយមិនប្រកាន់ជាតិសាសន៍៕