រឿងរ៉ាវគូស្វាមីភរិយារស់នៅជាមួយគ្នាជិត ១០ឆ្នាំ បែកបាក់គ្នាផ្អើលបណ្ដាញសង្គម៖ ខាងស្រីយំរៀបរាប់រឿងរងពាក្យបណ្ដឹងពីប្ដី និងស្រីថ្មី ខណៈខាងប្រុសទម្លាយថាប្រពន្ធរត់ចោល**

**ភ្នំពេញ៖** ករណីទំនាស់គ្រួសារមួយកំពុងតែមានការចាប់អារម្មណ៍ និងកក្រើកពេញបណ្ដាញសង្គមហ្វេសប៊ុក ក្រោយពីគូស្វាមីភរិយាមួយគូដែលបានសាងជីវិតអាពាហ៍ពិពាហ៍ជាមួយគ្នាជិត ១០ ឆ្នាំ បានចេញមកទម្លាយរឿងរ៉ាវផ្ទៃក្នុងរៀងៗខ្លួន ដោយខាងប្រុសចោទថាប្រពន្ធរត់តាមប្រុសថ្មី ចំណែកឯខាងស្រីវិញបង្ហោះសារទាំងទឹកភ្នែកថា ត្រូវប្ដី និងស្រីថ្មីព្រួតគ្នាប្ដឹងទារលុយ ១២ លានរៀល។

យោងតាមការរៀបរាប់របស់ភាគីខាងប្ដី បានឱ្យដឹងថា ភរិយារបស់ខ្លួនបានរត់ចោលរូបលោក និងកូនៗទៅមានអ្នកថ្មី តាំងពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៥ មកម្ល៉េះ។ នៅក្នុងអំឡុងពេលនោះ លោកបានព្យាយាមអង្វរករឱ្យនាងត្រឡប់មកដោះស្រាយគ្នាវិញដែរ ប៉ុន្តែខាងស្រីមិនព្រមឡើយ។ រហូតមកទល់ពេលនេះ នៅពេលដែលលោកចាប់ផ្តើមមានអ្នកថ្មីដើម្បីកសាងជីវិតឡើងវិញ ទើបឃើញខាងស្រីចេញមកសើរើរឿងរ៉ាវនេះឡើងវិញតែម្តង។

ដោយឡែក បើផ្អែកលើការបង្ហោះរៀបរាប់ទាំងទឹកភ្នែករបស់ភាគីខាងប្រពន្ធវិញ បានឱ្យដឹងផ្ទុយពីនេះថា ពេលនេះនាងកំពុងតែរងអយុត្តិធម៌យ៉ាងខ្លាំង ដោយត្រូវអតីតស្វាមី និងស្រីថ្មីព្រួតដៃគ្នាដាក់ពាក្យប្ដឹងនាងពីបទ «បរិហាកេរ្តិ៍» ដោយទាមទារប្រាក់សំណងរហូតដល់ទៅ ១២ លានរៀល។
ស្ត្រីជាប្រពន្ធបានបន្តរៀបរាប់ទាំងឈឺចាប់ថា កន្លងមកពួកគេធ្លាប់បានផ្ដិតមេដៃបញ្ចប់រឿងរ៉ាវសះជានៅឯសាលាសង្កាត់រួចរាល់ហើយ ដោយកាលនោះនាងសុំយកតែលក្ខខណ្ឌចិញ្ចឹមកូន និងសុំយកគ្រែតែមួយប៉ុណ្ណោះ។ ប៉ុន្តែខាងប្រុសមិនបានគោរពតាមការសន្យានោះទេ បែរជាបណ្ដោយឱ្យស្រីថ្មីមកដាក់ពាក្យប្ដឹងនាងទៅវិញ។ អ្វីដែលធ្វើឱ្យនាងខ្លោចចិត្តបំផុតនោះគឺ ម្ដាយក្មេកដែលនាងធ្លាប់ខំរស់នៅបម្រើគ្រួសារអស់ជិត ១០ ឆ្នាំ បែរជាចេញមុខលើកសរសើរស្រីថ្មីថា ល្អជាងនាងទៅទៀត។

ខណៈពេលដែលរឿងរ៉ាវកាន់តែវែកចាក់មិនធ្លាយ ភាគីខាងស្រីបានបញ្ជាក់ថា នាងគ្មានជម្រើសអ្វីក្រៅពីដឹកដៃកូនៗឡើងទៅតតាំងគ្នានៅតុលាការ ដើម្បីស្វែងរកយុត្តិធម៌សម្រាប់ខ្លួនឯង និងកូនៗនោះឡើយ។
មហាជននៅលើបណ្ដាញសង្គមកំពុងតែបន្តតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះចំណាត់ការបន្តនៃរឿងរ៉ាវដ៏ចម្រូងចម្រាសមួយនេះ ថាតើនឹងត្រូវដោះស្រាយបញ្ចប់ទៅក្នុងរូបភាពបែបណា នៅពេលដែលរឿងក្តីនេះឈានដល់ដៃតុលាការ៕

Leave a Reply

Your email address will not be published. Required fields are marked *