ជាង ២០ឆ្នាំលើរទេះរុញ៖ អតីតមន្ត្រីជាន់ខ្ពស់អាជ្ញាធរអគ្គិសនីកម្ពុជា នៅតែបន្តរង់ចាំពន្លឺយុត្តិធម៌ ក្រោយរងការបាញ់ប្រហារ

ភ្នំពេញ៖ រឿងរ៉ាវជីវិតដ៏សែនខ្លោចផ្សារបស់អតីតមន្ត្រីជាន់ខ្ពស់ម្នាក់ បាននិងកំពុងទាក់ទាញការចាប់អារម្មណ៍ជាថ្មីនៅលើបណ្តាញសង្គម ក្រោយពីមានការចែករំលែកអំពីការតស៊ូរស់នៅលើរទេះរុញអស់រយៈពេលជាង ២០ ឆ្នាំ ដើម្បីរង់ចាំយុត្តិធម៌ ក្រោយពីបានរួចផុតពីសេចក្តីស្លាប់ក្នុងការបាញ់ប្រហារមួយ។

យោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកឈ្មោះ Heng Pheng បានរៀបរាប់ពីឆាកជីវិតរបស់លោក គឹម ដារ៉ាវុធ ដែលជាអតីតមន្ត្រីជាន់ខ្ពស់នៃអាជ្ញាធរអគ្គិសនីកម្ពុជា។ ប្រភពដដែលបានឱ្យដឹងថា លោកត្រូវបានជនមិនស្គាល់មុខបាញ់ប្រហារ ប៉ុន្តែបានរួចរស់ជីវិត និងបានប្រឈមនឹងការរស់នៅទាំងលំបាកវេទនានៅលើរទេះរុញអស់រយៈពេលជាង ២ ទសវត្សរ៍មកហើយ។

អ្វីដែលជាចម្ងល់នៅក្នុងសំណេរនោះគឺ ករណីដោះស្រាយរឿងក្តីនេះហាក់មិនទាន់មានការវិវឌ្ឍទៅមុខគួរឱ្យកត់សម្គាល់ឡើយ បើទោះបីជាធ្លាប់មានលិខិតអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងពាក់ព័ន្ធរួចហើយក្តី ដែលធ្វើឱ្យជនរងគ្រោះនៅតែបន្តរង់ចាំយុត្តិធម៌ទាំងក្តីសង្ឃឹមដ៏ស្តួចស្តើង។

ទន្ទឹមនឹងនេះ ម្ចាស់គណនីខាងលើក៏បានធ្វើការប្រៀបធៀបដោយប្រយោលទៅនឹងករណីហិង្សាបាញ់ប្រហារថ្មីៗ ដែលបង្កឡើងដោយបុគ្គលមានងារជាឧកញ៉ា ដែលក្នុងករណីនោះ ស្ថាប័នមានសមត្ថកិច្ច និងប្រព័ន្ធតុលាការបានចាត់វិធានការយ៉ាងរហ័ស ក្រោមការចូលរួមបញ្ចេញមតិ និងតាមដានយ៉ាងសកម្មពីសំណាក់មហាជននៅលើបណ្តាញសង្គម។ ដោយឡែក ករណីរបស់លោក គឹម ដារ៉ាវុធ ដែលបានកើតឡើងកាលពីជាង ២០ ឆ្នាំមុន អាចនឹងមានភាពស្ងប់ស្ងាត់ ដោយសារតែនាពេលនោះ បច្ចេកវិទ្យាផ្សព្វផ្សាយ និងបណ្តាញសង្គមមិនទាន់មានការរីកចម្រើន និងប្រើប្រាស់ទូលំទូលាយដូចបច្ចុប្បន្ន។

ទោះជាយ៉ាងណា ការលើកឡើងនេះត្រូវបានបញ្ជាក់ថា មិនមែនក្នុងបំណងប្រៀបធៀបដើម្បីបង្កជាជម្លោះនោះទេ ប៉ុន្តែជាការបង្ហាញឱ្យឃើញពីឥទ្ធិពលនៃបណ្តាញសង្គមសម័យថ្មីក្នុងការជួយជំរុញយុត្តិធម៌សង្គម និងការសម្តែងនូវក្តីសង្ឃឹមថា ជនរងគ្រោះគ្រប់រូបនឹងទទួលបានយុត្តិធម៌ត្រឹមត្រូវស្របតាមច្បាប់ ដោយមិនគិតពីពេលវេលាដែលបានកន្លងហួសនោះឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *