ភ្នំពេញ៖ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានសម្តែងការកោតសរសើរចំពោះកងយោធពលខេមរភូមិន្ទ ដែលបានរក្សាភាពអត់ធ្មត់ខ្ពស់ និងជៀសវាងការប្រើប្រាស់អាវុធ ទោះបីជាស្ថិតក្នុងស្ថានភាពប្រឈម និងរសើបនៅតាមបណ្តោយព្រំដែនរវាងកម្ពុជា និងថៃ នាពេលកន្លងមកក៏ដោយ។
ការលើកឡើងនេះត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាង លោក តាន់ ស្រ៊ី ម៉ូហាម៉ាត់ អាប់ឌុល រ៉ាហ្សាក់ ប៊ីន សូឡាយម៉ាន់ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ជាមួយ លោក វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ។
នៅក្នុងជំនួបនោះ តំណាងរដ្ឋាភិបាលម៉ាឡេស៊ី បានបញ្ជាក់ជាថ្មីនូវការគាំទ្រយ៉ាងមុតមាំចំពោះជំហរដោះស្រាយវិវាទព្រំដែនរវាងកម្ពុជា និងថៃ តាមរយៈការចរចាដោយសន្តិវិធី ក្រោមយន្តការទ្វេភាគីដែលមានស្រាប់ ដូចជាគណៈកម្មាធិការព្រំដែនទូទៅ (GBC) និងគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC)។ ម៉ាឡេស៊ីក៏បានសង្កត់ធ្ងន់លើការគោរពគោលការណ៍មជ្ឈភាពអាស៊ាន ដោយចាត់ទុកថាការប្រើប្រាស់កម្លាំងយោធាមិនមែនជាជម្រើសសមស្របសម្រាប់ការដោះស្រាយបញ្ហានោះឡើយ។
ជាការឆ្លើយតប លោក វង្ស ពិសេន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងកងទ័ពម៉ាឡេស៊ី ដែលតែងតែចូលរួមចំណែកក្នុងការថែរក្សាសន្តិភាពនៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៣ ក្រោមឆ័ត្រនៃបេសកកម្មអ៊ុនតាក់ (UNTAC) ក៏ដូចជាតួនាទីជាអ្នកសម្របសម្រួលក្នុងទំនាស់ព្រំដែនកម្ពុជា-ថៃ និងការផ្ដួចផ្ដើមបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នាពេលកន្លងមក។
បន្ថែមលើនេះ អគ្គមេបញ្ជាការកងទ័ពកម្ពុជា បានបញ្ជាក់ជាថ្មីអំពីជំហរច្បាស់លាស់របស់កម្ពុជា ក្នុងការបន្តប្រកាន់ខ្ជាប់គោលការណ៍ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងនានាដែលមានជាធរមាន ដោយមិនទទួលយកការប្រើប្រាស់កម្លាំងយោធាដើម្បីកែប្រែខ្សែបន្ទាត់ព្រំដែននោះឡើយ៕