សៀមរាប៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបានកើតឡើងនៅក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប កំពុងតែទទួលបានការចាប់អារម្មណ៍ និងការជជែកដេញដោលយ៉ាងខ្លាំងពីសំណាក់មហាជន បន្ទាប់ពីមានការឃាត់ខ្លួន និងឃុំខ្លួនបណ្តោះអាសន្នលើបុរសជាកងទ័ពម្នាក់ ដែលជាម្ចាស់គោយន្ត ក្នុងហេតុការណ៍ដែលមានម៉ូតូបុកពីខាងក្រោយ។
យោងតាមការលើកឡើងរបស់លោក ផែង វណ្ណៈ នៅលើបណ្តាញសង្គម បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី០២ ខែកក្កដា វេលាម៉ោងប្រមាណជិត ៧ យប់។ នៅក្នុងគ្រោះថ្នាក់នោះ មានក្មេងប្រុសចំនួន ២នាក់ អាយុប្រហែល ១៤ឆ្នាំ បានជិះម៉ូតូទៅបុកពីក្រោយគោយន្តរបស់បងប្រុសជាកងទ័ពរូបនោះ បណ្តាលឱ្យមានអ្នករងរបួសធ្ងន់ និងស្រាល។ ទោះជាយ៉ាងណា អ្វីដែលបង្កឱ្យមានការងឿងឆ្ងល់ និងការជជែកដេញដោលពីមហាជន គឺការសម្រេចឃាត់ខ្លួន និងបញ្ជូនខ្លួនម្ចាស់គោយន្តទៅកាន់តុលាការ ដើម្បីឃុំខ្លួនបណ្តោះអាសន្ន។
ជុំវិញករណីនេះ ភរិយារបស់បងប្រុសជាកងទ័ពដែលកំពុងជាប់ឃុំ បានបញ្ជាក់ថា ខាងភាគីដើមបណ្តឹងមិនបានដាក់ពាក្យប្តឹងផ្តល់អ្វីនោះឡើយ។ ដោយសារមើលឃើញពីស្ថានភាពនេះ ក្រុមគ្រួសារ រួមទាំងបងប្អូនប្រជាពលរដ្ឋជាច្រើន បានស្នើសុំយ៉ាងទទូចដល់អាជ្ញាធរពាក់ព័ន្ធ មេត្តាជួយពិនិត្យ និងវាយតម្លៃលើករណីនេះឡើងវិញ ដើម្បីផ្តល់ភាពយុត្តិធម៌ដល់រូបគាត់។
ទន្ទឹមនឹងនេះដែរ លោក ផែង វណ្ណៈ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមេត្តារក្សាភាពស្ងប់ស្ងាត់ និងយោគយល់អធ្យាស្រ័យ ខណៈពេលដែលសមត្ថកិច្ច និងសាលាដំបូងខេត្តសៀមរាប កំពុងតែធ្វើការងារស្រាវជ្រាវ និងពិនិត្យលើសំណុំរឿងនេះយ៉ាងយកចិត្តទុកដាក់ ដើម្បីធានាឱ្យមានការដោះស្រាយប្រកបដោយតម្លាភាព និងយុត្តិធម៌សម្រាប់ភាគីទាំងសងខាង។ ករណីនេះត្រូវបានរំពឹងថានឹងមានការដោះស្រាយបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ៕