ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានអំពាវនាវដល់អ្នកអត្ថាធិប្បាយការប្រកួតបាល់ទាត់តាមបណ្ដាញសង្គមមួយចំនួន ឱ្យបញ្ឈប់សកម្មភាពមិនសមរម្យ ដូចជាការមិនពាក់អាវ និងការប្រើប្រាស់ពាក្យសម្ដីជេរប្រមាថ ដើម្បីរួមគ្នារក្សាតម្លៃខ្លួន និងសីលធម៌នៅក្នុងសង្គម។
ការថ្លែងរំលឹកនេះ ធ្វើឡើងបន្ទាប់ពីមានការសង្កេតឃើញថា មានអ្នកផ្សាយបន្តផ្ទាល់ (Live) លើទំព័រហ្វេសប៊ុកមួយចំនួន បានប្រើប្រាស់ភាសាអសុរោះ ជេរប្រមាថទៅលើកីឡាករ ឬអាជ្ញាកណ្ដាល នៅពេលដែលការប្រកួតមិនត្រូវចិត្តរបស់ពួកគេ។ អ្វីដែលកាន់តែគួរឱ្យកត់សម្គាល់នោះ គឺអ្នកអត្ថាធិប្បាយខ្លះថែមទាំងអង្គុយ Live ទាំងខ្លួនទទេដោយគ្មានពាក់អាវថែមទៀតផង។
ជុំវិញករណីនេះ ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន បានលើកឡើងថា ក្នុងការផ្សាយផ្ទាល់ម្តងៗ តែងតែមានទស្សនិកជនចូលរួមទស្សនាយ៉ាងច្រើនកុះកររាប់ម៉ឺននាក់ ដែលក្នុងនោះរួមមានទាំងចាស់ទុំ ថ្នាក់ដឹកនាំ និងព្រះសង្ឃផងដែរ។ ហេតុនេះ ការសម្ដែងឥរិយាបថមិនសមរម្យ និងការប្រើប្រាស់ពាក្យសម្ដីអសីលធម៌ គឺជារូបភាពដែលមិនសមស្រប និងមិនគួរឱ្យកើតមានឡើយ។
ឯកឧត្តមបានណែនាំ និងលើកទឹកចិត្តដល់ប្អូនៗអ្នក Live ទាំងអស់ គួរស្វែងរកការគាំទ្រ និងសាងប្រជាប្រិយភាពតាមរយៈភាពថ្លៃថ្នូរ និងសមត្ថភាពពិតប្រាកដវិញ ប្រសើរជាងការបង្កើតរូបភាពអវិជ្ជមាន ដែលអាចជះឥទ្ធិពលមិនល្អដល់សង្គមជាតិទាំងមូល៕