ក្តៅៗ តុលាការសម្រេចឃុំខ្លួន ស្រ្តីម្ចាស់ហាងទូរស័ព្ទ ដែលជេរទាហានជួរមុខ ក្រោយចោទប្រកាន់ពីបទ «ធ្វើឲ្យខូចទឹកចិត្តកងទ័ព និងប្រមាថចំពោះអ្នករាជការសាធារណៈ»

(ភ្នំពេញ)៖ ចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនបណ្ដោះអាសន្ន ស្ដ្រីដែលជេរប្រមាថទាហានជួរមុខ ក្រោយតំណាងអយ្យការចោទប្រកាន់បទ «ធ្វើឲ្យខូចទឹកចិត្តកងទ័ព» និង «ប្រមាថចំពោះអ្នករាជការសាធារណៈ»។ ការចោទប្រកាន់នេះ យោងតាមមាត្រា៤៧២ និងមាត្រា៥០២ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា «សាលាដំបូងរាជធានីភ្នំពេញ បានចាត់ការសំណុំរឿងព្រហ្មទណ្ឌលេខ ៤៧២៤ ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ទាក់ទិននឹងឈ្មោះ ចិន្តា សុវណ្ណារី ភេទស្រី អាយុ ៣១ឆ្នាំ ដែលជាម្ចាស់ផេកហ្វេសប៊ុកឈ្មោះ Mr.8 Gaming ត្រូវបានចោទប្រកាន់ពីបទ ធ្វើឱ្យខូចទឹកចិត្តកងទ័ព និងប្រមាថចំពោះអ្នករាជការសាធារណៈ ប្រព្រឹត្តនៅចំណុចបុរីML ផ្ទះលេខ១ ផ្លូវលេខ១ ភូមិដូង សង្កាត់ស្ពានថ្ម ខណ្ឌដង្កោរាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ យោងតាមបញ្ញត្តិមាត្រា ៤៧២ និងមាត្រា ៥០២ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្នជនត្រូវចោទឈ្មោះ ចិន្តា សុវណ្ណារី ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់។

តុលាការនឹងបន្តចាត់ការដោយម៉ឺងម៉ាត់ ចំពោះអំពើជេរប្រមាថជាសាធារណៈដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់សីលធម៌សង្គម និងសេចក្តីថ្លៃថ្នូររបស់បុគ្គល។

សូមជម្រាបថា នៅវេលាម៉ោងប្រមាណជិត ៨ព្រឹក ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ កម្លាំងនគរបាលរាជធានីភ្នំពេញ បាននាំខ្លួនស្ត្រីជាម្ចាស់ហាងទូរស័ព្ទឈ្មោះ ចិន្តា សុវណ្ណារី ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងបំភ្លឺជុំវិញករណីដែលត្រូវបានចោទប្រកាន់ថា បានជេរប្រមាថទៅលើកងទ័ពជួរមុខ។

ការនាំខ្លួនស្ត្រីរូបនេះ ធ្វើឡើងបន្ទាប់ពី ស្ត្រីជាម្ចាស់ហាងទូរស័ព្ទខាងលើ បានប្រើប្រាស់ពាក្យសម្តីមិនសមរម្យ និងជេរប្រមាថខ្លាំងៗដល់កងទ័ពដែលកំពុងបំពេញភារកិច្ចការពារជាតិរឿងទិញទូរស័ព្ទមួយគ្រឿង។

ករណីនេះបានបង្កឱ្យមានការភ្ញាក់ផ្អើល និងប្រតិកម្មពីសាធារណជនពេញបណ្តាញសង្គម ដែលយល់ថា ការប្រមាថដល់កងទ័ពជួរមុខ គឺជាទង្វើដែលមិនអាចទទួលយកបាន៕

Leave a Reply

Your email address will not be published. Required fields are marked *