មនុស្សអណ្តើក វគ្គ២! (មានវីដេអូ)

7636

នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨ អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនអ្នកសុំទាន ក្លែងធ្វើជនពិកា ០១នាក់ទៅតុលាការ ក្រោមការចោទប្រកាន់ពីបទប្រើប្រាស់គ្រឿងញៀន ។ អ្នកសុំទានឈ្មោះ ប្រៀប ជា អាយុ៤០ឆ្នាំ មានស្រុកកំណើតនៅឯ ខេត្តកំពង់ស្ពឺ ត្រូវបានប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន ភូមិឬស្សី ផ្លូវ៣៧១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានក្តី ទោមនស្សនិងទើសភ្នែកជាខ្លាំង ព្រោះតែបានឃើញ បុរសពេញកម្លាំងម្នាក់នេះ មានដៃជើងនៅល្អ តែក្លែងជាពិការ ដេកផ្កាប់ លើបន្ទះក្តារកង់បួន រំកិលតាមដងផ្លូវ សុំទានយកលុយទៅផឹកស៊ីរាល់ថ្ងៃ ទើបប្រជាពលរដ្ឋរាយការណ៍មក អាវុធហត្ថរាជធានី ភ្នំពេញ ចុះធ្វើការស្រាវជ្រាវ និងនាំបុគ្គលសុំទាន ដែលក្លែងជាពិការ មកកាន់ទីបញ្ជាការដើម្បីសួរនាំ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨។

នៅចំពោះមុខសមត្ថកិច្ចអាវុធហត្ថ បុគ្គលឈ្មោះ ប្រៀប ជា បានរៀបរាប់ថា រូបគេបានដើរសុំទានជាមួយឪពុកម្តាយចឹញ្ចឹម តាំងពីអាយុ៥ទៅ៦ឆ្នាំ។ លុះដល់អាយុ៣៦ឆ្នាំ ក៏បែកគំនិតក្លែងធ្វើជាពិការ ដេកផ្កាប់លើបន្ទះក្តារ វារសុំលុយ តាមមុខរោងចក្រ និងទីប្រជុំជនផ្សេងៗក្នុងរាជធានីភ្នំពេញ ដោយជាមធ្យម រូបគេអាចសុំលុយបានរហូតដល់ទៅ ៧ម៉ឺនរៀលក្នុង១ថ្ងៃ រីឯលុយដែលសុំបានគឺយកទៅទិញស្រា ផឹកស៊ី និងជក់គ្រឿងញៀន។ ក្រោយពីសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ពិនិត្យទឹកនោមបុគ្គលសុំទានក្លែងជាពិការម្នាក់នេះ ឃើញមានសារធាតុញៀន កម្លាំងជំនាញក៏បានកសាងសុំណុំរឿង បញ្ជូនបុគ្គលសុំទានញៀនថ្នាំនេះ ទៅតុលាការដើម្បី ចាត់ការតាមនិតិវិធីច្បាប់ ។

ចំពោះបុគ្គលសុំទានឈ្មោះ ប្រៀប ជា នេះ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ហៅថាមនុស្សអណ្តើកទី២ ព្រោះតែបុគ្គលនេះ បានប្រើរូបភាព ក្លែងធ្វើជនពិកា ដេកផ្កាប់ លើបន្ទះក្តារ វារលើដី ធ្វើដៃខ្វៃៗ ដូចសត្វចអណ្តើក ដើម្បីបោកប្រាស់ក្តីមេត្តា មហាជន ដូចគ្នាទៅនឹង មនុស្សអណ្តើកទី១ ដែលក្លែងធ្វើពិការសុំទានដូចគ្នាដែរ ហើយត្រូវអាវុធហត្ថរាជធានីភ្នំពេញ បកអាក្រាត កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ និង បញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានី ដើម្បីធ្វើការអប់រំ ឲ្យឈប់ដើរសុំទាន ឈប់ក្លែងជាពិការ បោកប្រាស់ក្តីមេត្តាអ្នកដ៏ទៃ និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ សម្រាប់ប្រកបរបរចឹញ្ចឹមជីវិត។
#PhnomPenhGRK