ពិធីអបអរសាទរ និងសំណេះសំណាលក្នុងឱកាសទិវានារីអន្តរជាតិ ០៨ មីនា ខួបលើកទី១៧

16687

(ភ្នំពេញ)៖ ដើម្បីរួមចំណែកធ្វើឲ្យសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ជាពិសេសភាពអង់អាចរបស់ស្ត្រី និងក្មេងស្រីទាំងអស់ នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨នេះ ក្រសួងពាណិជ្ជកម្ម បានរៀបចំពិធីអបអរសាទរ និងសំណេះសំណាលក្នុងឱកាសទិវានារីអន្តរជាតិ ០៨ មីនា ខួបលើកទី១៧ ក្រោមប្រធានបទ «ស្ត្រីរួមគ្នារក្សាសន្តិភាពដើម្បីអភិវឌ្ឍន៍ជាតិ»។

11

អញ្ជើញចូលរួមជាគណៈអធិបតីនៅក្នុងអង្គពិធីរួមមាន ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងឲ្យឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ និងលោកជំទាវ ច័ន្ទ សូរីយ៍ រដ្ឋលេខាធិការក្រសួងកិច្ចការនារី។ ពិធីនេះក៏ទទួលបានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកានៃគណៈកម្មការប្រតិបត្តិនៃសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងពាណិជ្ជកម្ម។

នៅក្នុងឱកាសនោះ ឯកឧត្តម កឹម ស៊ីថន បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងស្នាដៃនានារបស់នារីនៅក្នុងក្រសួង ដែលបានរួមចំណែកដឹកនាំ និងបំពេញការងារទាក់ទងការកសាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗ ការទាក់ទាញវិនិយោគ កិច្ចជំរុញពាណិជ្ជកម្ម និងការអភិវឌ្ឍទីផ្សារ ការបម្រើសេវាសាធារណៈ និងសម្របសម្រួលពាណិជ្ជកម្ម រហូតទទួលបានការគាំទ្រយ៉ាងច្រើនពីវិស័យឯកជន។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានអំពាវនាវដល់ស្ថាប័នរដ្ឋ វិស័យឯកជន និងអង្គការមិនមែនរដ្ឋាភិបាល បន្តលើកកម្ពស់ការចូលរួមរបស់ស្ត្រី ក្នុងការអភិវឌ្ឍសង្គម ការធ្វើសេចក្តីសម្រេចផ្នែកនយោបាយ និងសកម្មភាពការងារពហុវិស័យប្រកបដោយសមធម៌។

ទន្ទឹមគ្នានេះ លោកជំទាវ ច័ន្ទ សូរីយ៍ បានស្នើដល់ស្រ្តីទូទាំងប្រទេសកម្ពុជា ក៏ដូចជាស្រ្តីនៅក្នុងក្រសួងពាណិជ្ជកម្ម ត្រូវខិតខំប្រឹងប្រែងរៀនសូត្រសំដៅពង្រឹងសមត្ថភាព និងចំណេះដឹង ដើម្បីក្លាយជាអ្នកដឹកនាំប្រកបគុណវឌ្ឍន៍ និងជំហររឹងមាំសម្រាប់ចូលរួមកសាងសង្គមជាតិ។

គួររំលឹកដែរថា កាលពីឆ្នាំ២០១៧កន្លងទៅ ក្រសួងពាណិជ្ជកម្ម បានធ្វើការតែងតាំង និងដំឡើងឋានន្តរស័ក្តិ ព្រមទាំងផ្តល់គ្រឿងឥស្សរិយសជូនមន្រ្តីរាជការជាស្រ្តីសរុបចំនួន ២៣៤រូប។ ក្នុងនោះស្រ្តីក្នុងមុខតំណែងដែលទទួលបានចាប់ពីអគ្គនាយក រហូតដល់អនុប្រធានការិយាល័យក្រុង ស្រុក ខ័ណ្ឌ និងក្របខ័ណ្ឌនយោបាយទាំងអស់មានចំនួន ២៨៣នាក់ ក្នុងចំណោមមន្រ្តីរាជការសរុប ១,៨២៣នាក់ ស្រ្តី៤៩៤នាក់ (ស្រ្តីពិការចំនួន ៩នាក់) ដែលចំនួននេះស្មើនឹង ២២% បើធៀបនឹងបុរសដែលមានតួនាទីបច្ចុប្បន្ន៕

12

13

ប្រភព៖ ក្រសួងពាណិជ្ជកម្ម