កិច្ចប្រឹក្សាពាណិជ្ជកម្មរវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-អឺរ៉ុប លើកទី១៦ | THE SIXTEENTH AEM-EU TRADE COMMISSIONER CONSULTATIONS (16TH AEM-EU)

12303

ប្រទេសសិង្ហបុរី៖ កាលពីថ្ងៃសុក្រ ០១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានកម្ពុជា បានដឹកនាំគណៈប្រតិកម្ពុជាចូលរួមកិច្ចប្រឹក្សាពាណិជ្ជកម្មរវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-អឺរ៉ុប លើកទី១៦(16th AEM-EU) ដែលកិច្ចប្រជុំនេះត្រូវបានដឹកនាំដោយឯកឧត្តម Lim Hng Kiang រដ្ឋមន្រ្តីពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី និងលោកជំទាវ Cecilia Malmström ដោយមានការចូលរួមពីសំណាក់រដ្ឋមន្រ្តីសេដ្ឋកិច្ច និងគណៈប្រតិភូរបស់ប្រទេសជាសមាជិកអាស៊ាន អគ្គលេខាធិការអាស៊ាន និងមន្រ្តីលេខាធិការដ្ឋានអាស៊ាន។

1 (1)

កិច្ចប្រជុំ បានកត់សម្គាល់លើវឌ្ឍនភាពនៃការអនុវត្តនៃកម្មវិធីពាណិជ្ជកម្ម និងវិនិយោគ អាស៊ាន-អឺរ៉ុប សម្រាប់ឆ្នាំ២០១៧-២០១៨ និងរបាយការណ៍ស្តីពីវឌ្ឍនភាព ដែលបានធ្វើបទបង្ហាញដោយគណៈកម្មាធិការក្រុមការងារចម្រុះ សម្រាប់ការអភិវឌ្ឍក្របខណ្ឌប៉ារ៉ាម៉ែត្រនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-
អឺរ៉ុប។

រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងអឺរ៉ុបបានអះអាងឡើងវិញនូវការប្តេជ្ញាក្នុងការគាំទ្រធ្វើពាណិជ្ជកម្មសេរី និងបើកទីផ្សារ ក៏ដូចជាគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី ប្រកបដោយតម្លាភាព មិនរើសអើង និងផ្អែកលើច្បាប់ជាមូលដ្ឋាន ដោយស្ថិតក្រោមអង្គការពាណិជ្ជកម្មពិភពលោក។

ទន្ទឹមនឹងនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ ព្រមទាំងរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងអឺរ៉ុបទាំងអស់ បានបង្ហាញជំហររឹងមាំក្នុងការគាំទ្រឲ្យមានការចរចាឡើងវិញ និងបន្តការចរចា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អឺរ៉ុប (ASEAN-EU FTA)។

ឯកឧត្តម ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណដល់ប្រទេសសិង្ហបុរី ដែលបានរៀបចំកិច្ចប្រជុំបានយ៉ាងល្អ និងបានទទួលគណៈប្រតិភូកម្ពុជាប្រកបដោយភាពកក់ក្តៅ ក្នុងអំឡុងកិច្ចប្រឹក្សាពាណិជ្ជកម្មរវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-អឺរ៉ុប លើកទី១៦ នេះ។

2 (1)

3 (1)

ប្រភព៖ ក្រសួងពាណិជ្ជកម្ម