សិក្ខាសាលាកសាងសមត្ថភាព ស្តីពី រូបមន្តនៃការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មសេវា: ការផ្ទេរតារាងសន្យាសេវាកម្មវិជ្ជមានទៅតារាងសន្យាអវិជ្ជមាន

8929

(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានសហការជាមួយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) រៀបចំសិក្ខាសាលាកសាងសមត្ថភាព ស្តីពី រូបមន្តនៃការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មសេវា: ការផ្ទេរតារាងសន្យាសេវាកម្មវិជ្ជមានទៅតារាងសន្យាអវិជ្ជមាន (“Trade In Services Liberalization Method: Migrating from Positive to Negative Scheduling (Positive to Negative List)”) ក្រោមអធិបតីភាពរបស់ ឯកឧត្តម សុខ សុភ័ក្រ្ត អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក Jeremy Gross ប្រធានផ្នែកទទួលបន្ទុកការកសាងសមត្ថភាពរបស់វិទ្យាស្ថាន ERIA លោកស្រី Maura Ada Decosterd ជាវាគ្មិនជំនាញសម្របសម្រួល និងដោយមានការចូលរួមពីក្រុមការងារចរចាពាណិជ្ជកម្មសេវានៃក្រសួងពាណិជ្ជកម្ម និងមន្ត្រីបង្គោលទទួលបន្ទុកវិស័យពាណិជ្ជកម្មសេវា និងតំណាងក្រសួងពាក់ព័ន្ធនានា។

នៅក្នុងសិក្ខាសាលានេះមានគោលដៅចម្បងកសាងសមត្ថភាពបន្ថែមដល់មន្ត្រីចរចា និងមន្ត្រីទទួលបន្ទុកផ្នែកពាណិជ្ជកម្មសេវា លើការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មសេវា ពិសេសការផ្ទេរកញ្ចប់តារាងសន្យាសេវាកម្មវិជ្ជមាន (Positive List) មកកញ្ចប់តារាងសន្យាសេវាកម្មអវិជ្ជមាន (Negative List) ដែលជារបត់ថ្មីមួយសម្រាប់កម្ពុជា។ ជាងនេះទៅទៀត លោកស្រី Maura Ada Decosterd ជាវាគ្មិនជំនាញ ក៏បានចែករំលែកបទពិសោធន៍លើចំណុចគន្លឹះជាសារវ័ន្តមួយចំនួនដូចជា គោលការណ៍គ្រឹះ និងទ្រឹស្តីនៃការចរចា សារៈសំខាន់និងពុទ្ធិពាក់ព័ន្ធនឹងពាណិជ្ជកម្មសេវា រូបមន្តនានានៃការធ្វើតារាងសន្យា និងសម្របសម្រួលរៀបចំសកម្មភាពអនុវត្តផ្ទាល់លើការធ្វើតារាងសន្យាសេវាកម្មដោយអ្នកចូលរួម។

ក្នុងឱកាសនោះ ឯកឧត្តម សុខ សុភ័ក្រ្ត បានថ្លែងអំណរគុណចំពោះការចូលរួមចំណែកគាំទ្រលើសកម្មភាពកសាងសមត្ថភាព និងគម្រោងនានានៅកម្ពុជាជាច្រើនកន្លងមក បន្ថែមពីនេះ ឯកឧត្តម ក៏បានស្នើឲ្យវិទ្យាស្ថាន ERIA គាំទ្រកម្ពុជា និងបន្តរៀបចំវគ្គសិក្ខាសាលាបន្ថែមទៀត ពិសេសវគ្គបណ្តុះបណ្តាលគ្រូបង្គោលសម្រាប់ការចរចាពាណិជ្ជកម្មសេវា។ ជាការឆ្លើយតប លោក Jeremy Gross ប្រធានផ្នែកទទួលបន្ទុកការកសាងសមត្ថភាពរបស់វិទ្យាស្ថាន ERIA ក៏បានទទួលយកសំណើនេះ និងសន្យាថានឹងបន្តជួយគាំទ្រកម្ពុជាបន្ថែមទៀត។

1

2

3

អត្ថបទ៖ អគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ