ឯក ឧត្តម ព្រំ សុភមង្គល អគ្គលេខាធិការអាជ្ញាធរមីនកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខដល់ជនរងគ្រោះរងរបួសយ៉ាងធ្ងន់ធ្ងរក្នុងករណីផ្ទុះគ្រាប់បែកកែច្នៃ

509

ខេត្តមណ្ឌលគិរី៖ នៅរសៀលថ្ងៃទី២៣ខែកុម្ភៈនេះ ឯក ឧត្តម ព្រំ សុភមង្គល អគ្គលេខាធិការអាជ្ញាធរមីនកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខដល់ជនរងគ្រោះដែលបានមកសម្រាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកក្រុងសែនមនោរម្យ ដោយកាលពីនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ថ្មីៗនេះ ជនរងគ្រោះរងរបួសយ៉ាងធ្ងន់ធ្ងរក្នុងករណីផ្ទុះគ្រាប់បែកកែច្នៃដែលបង្ករឡើងដោយខ្លួួនឯង នៅក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី ។

ហេតុការណ៍នេះបានឡើងខណៈដែលជនរងគ្រោះទាំង២នាក់ បាននាំគ្នាយករំសេវទៅដាក់ក្នុងកំប៉ុងត្រីខ រួចយកគីបទៅដាក់ក្នុងនោះ បន្ទាប់មកបង្ហាប់នាំគ្នាបុកអោយណែន ស្រាប់តែផ្ទុះបណ្តាលអោយរងរបួសយ៉ាងធ្ងន់ធ្ងរទាំងពីរនាក់។ជនរងគ្រោះទី១ឈ្មោះ ផុន ញ៉ អាយុ៥៨ឆ្នាំ រស់នៅភូមិអន្រ្តេះ ឃុំអរបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ទី២ឈ្មោះ ខាត់ ណា អាយុ២៤ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។

ក្នុងការចុះជួបសំណេះសំណាលសួរសុខទុក្ខនោះដែរ ក៏មាននាំយកនៅគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនផ្តល់ជូនដល់គ្រួសារជនរងគ្រោះរួមទាំងអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តមណ្ឌលគិរី ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ព្រំ សុភមង្គល អគ្គលេខាធិការអាជ្ញាធរមីនកម្ពុជា បានមានប្រសាសន៍ថា ក្រោយពីទទួលបានព័ត៌មានពីហេតុការណ៍នេះ ឯកឧត្តមមានការសោកស្តាយជាខ្លាំងមិនគួណាមានហេតុការណ៍នេះកើតឡើងដែលបង្ករអោយមានអ្នករងរបួសយ៉ាងធ្ងន់ធ្ងរទាំងពីរនាក់ ក្នុងនោះជនរងគ្រោះម្នាក់ត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់នៅភ្នំពេញ។ បន្ទាប់មកឯកឧត្តមបានមានប្រសាសន៍ផ្តាំផ្ញើរដល់គ្រូពេទ្យបង្អែកក្រុងសែនមនោរម្យ សូមមេត្តាយកចិត្តទុកដាក់ទៅលើការព្យាបាលដល់ជនរងគ្រោះ ព្រមទាំងផ្តាំផ្ញើរដល់ក្រុមយុវជនស្ម័គ្រចិត្តសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី បើសិនឃើញមានយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះសូមកុំទៅប៉ះពាល់ ហើយត្រូវរាយការណ៍មកសមត្ថកិច្ចនៅជិតបំផុត។

អំណោយដែលចែកជូននាពេលនោះរួមមាន៖ ត្រីខ ទឹកត្រី ទឹកស៉ីអ៉ីវ ទឹកផ្លែឈើកំប៉ុង ទឹកសុទ្ធ មី ត្រីខ អង្ករ៥០គីឡូក្រាម ឃិត១កញ្ចប់ និងថវិកាសរុប១.២២០.០០០រៀល៕ ដោយ(មនោរម្យ)