ទំនៀមលៀងមេមត់ ជាផ្នែកមួយនៃការរស់នៅរបស់ប្រជាជនក្នុងតំបន់អង្គរដោយមិនអាចខ្វះបាន!

37969

ជារៀងរាល់ឆ្នាំ តាំងពីបរមបុរាណមកហើយ ឱ្យតែដល់ខែមាឃ អ្នកស្រុកអង្គរដែលមានជំនឿនិងរក្សាបានខ្ជាប់ខ្ជួននូវមរតកទាក់ទងនឹងពិធីលៀងមេមត់ តែងប្រារព្ធពិធីនេះមិនដែលខកខាននៅតាមភូមិស្រុករបស់ខ្លួនយ៉ាងអធិកអធម។ ជាក់ស្តែងពិធីនេះ ត្រូវបានរៀបចំយ៉ាងគគ្រឹកគគ្រេង កាលពីថ្ងៃ៣រោច ខែមាឃ ឆ្នាំរកា ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងមក នៅផ្ទះអ្នកស្រី គង់ ជាគ្រូធំមួយមានគេគោរពច្រើន ស្ថិតក្នុងភូមិនគរក្រៅ សង្កាត់គោកចក ខេត្ត/ក្រុងសៀមរាប។


តាមប្រសាសន៍របស់អ្នកស្រី គង់ ឱ្យដឹងថា ឆ្នាំនេះមានមេមត់ក្មេងចាស់ ប្រុសស្រីជាង៣០នាក់ដែលមកលៀង។ ឯអ្នកខ្លះ គេខ្មាសអៀនក្នុងការរាំរែក គេបានយកគ្រឿងរណា្តប់មកឱ្យយើង (អ្នកស្រី គង់) ចូលជំនួសឬក៏បងប្អូនគេដែលមានរូបស្នងត្រូវមកលៀងមេមត់ដែរក៏មាន។ អ្នកស្រីបន្តទៀតថា ការរៀបចំលៀងមេមត់ គឺដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន ឱ្យព្រលឹងដូចតាជាគ្រូកំណើត ជាឈ្នួរបានរាំរែកឱ្យសប្បាយមួយឆ្នាំម្តង និងឱ្យអ្នកស្នងរូបជារូបជាអង្គពីជំងឺឈឺក្បាលវិលមុខផ្សេងៗ។

សម្រាប់អ្នកស្រី ដែលមានគ្រូធំជាស្តេចស្វា ហៅថា «ព្រះរាជគ្រូ» ចូលសណ្ឋិតជាង១០ឆ្នាំមកហើយនោះ ដំបូងមិនបានជឿលើជំនឿនេះទេ រហូតឈឺត្រដាបត្រដួសស្ទើរស្លាប់ស្ទើររស់ រកពេទ្យបីបួនមើលមិនជា ដាក់ថ្នាំមិនត្រូវ ដល់ថ្នាក់ឈឺទាំងកូន ទាំងប្តី ទើបចាប់ផ្តើមរៀបចំអាសនៈ គ្រឿងរណ្តាប់សម្រាប់គ្រូដែលចង់នៅជាមួយ ហើយប្រតិបត្តិតាមដោយកាន់សីល កាន់ធម៌សច្ចៈ ក៏បានជាសះស្បើយ គ្រួសារក៏សុខសប្បាយ ជីវភាពក៏ធូរធារជាងមុន។

អ្នកស្រីត្រូវបានអ្នកភូមិនិងក្រៅភូមិស្រុកផងចូលមកឱ្យជួយព្យាបាលជំងឺ ដោះអំពើផ្លូវងងឹត ទស្សន៍ទាយ ស្រោចទឹក លើករាសីក្នុងការរកស៊ី កាត់គ្រោះជាហូរហែ។ លើសពីនោះទៀត គាត់ក៏ជាអ្នកប្រោះព្រំ បង្កក់រាសីដល់មេមត់ផ្សេងៗទៀតនៅក្នុងស្រុក ក្រៅស្រុក តាមដែលគេជឿជាក់និងគោរពរាប់អាន រហូតដល់គេហៅថាជា «គ្រូធំ»។ ដូច្នេះហើយ រៀងរាល់ឆ្នាំ គេតែងរៀបចំលៀងមេមត់នៅផ្ទះរបស់គាត់ ព្រោះគេជឿថាមានតែគ្រូធំទេ ដែលអាចការពារយិតយោងមេមត់ផ្សេងៗនិងការផ្ចាញ់ផ្ចាលពីសភាវៈអាក្រក់មកយាយីបៀតបៀនបាន។

ក្នុងនាមជាគ្រូធំម្នាក់ អ្នកស្រីមានតួនាទីមើលថែ ការពារ និងយឹតយោងមេមត់ផ្សេងៗដែលមកលៀងពីពួកសភាវៈអាក្រក់កុំឱ្យបៀតបៀនតាមផ្លូវងងឹត រួមទាំងសម្របសម្រួលដល់មេមត់ខ្លះទៀតដែលទើបមកថ្មី ហើយក៏ជាអ្នកសួរនាំពីបំណងឬតម្រូវការរបស់ព្រលឹងនៃរូបនោះផងដែរពេលរូបនោះនិយាយអ្វីប្រាប់។

ចំពោះអ្នកស្រី «មេមត់» គ្រាន់តែជាព្រលឹងដូនតាដែលបានស្លាប់ទៅក្លាយជាខ្មោចដែលមានឫទ្ធិអំណាចព្រោះធ្លាប់ជាអ្នករៀនមន្តវិជ្ជាការផ្សេងៗកាលនៅរស់ ដែលខ្លះកាច ខ្លះស្លូត ក្រមិចក្រមើម រប៉ិលរប៉ូចតាមនិស្ស័យជាមនុស្សកាលនៅរស់ តែមិនមែនវិញ្ញាណអាក្រក់ ស្មោកគ្រោក ដើរធ្វើបាបកូនចៅឬអ្នកណាផ្សេងនោះទេ។ ព្រលឹងទាំងនេះតែងតែនៅជាមួយកូនចៅណាម្នាក់ក្នុងគ្រួសារដែលមាននិស្ស័យជាមួយ ហើយទាមទារឱ្យយើងជាអ្នកកាន់ អ្នកស្នងរូបគោរព រំឭកនឹកគុណ មិនឱ្យធ្វើអ្វីដែលអាក្រក់ និងរៀបគ្រឿងរណ្តាប់តាមអ្វីដែលត្រូវការ ហើយចង់រាំរែកឱ្យសប្បាយរីករាយតែប៉ុណ្ណោះ។ បើយើងធ្វើតាមបាន យើងក៏សុខសប្បាយ តែបើយើងល្មើស ធ្វើអាក្រក់ ខុសប្រពៃណី មិនអើពើ នឹងធ្វើឱ្យអ្នកនោះឬកូនចៅមានជំងឺតម្កាត់ ឬរកស៊ីមិនសូវធូរធារ តែបើយើងដឹង ហើយកែខៃវិញ នោះនឹងបានល្អប្រសើរ។

បន្ថែមពីនោះ អ្នកស្រីក៏រៀបរាប់ដោយអឹមអៀននិងអស់សំណើចថា ពេលចូលរូបអត់ខ្មាសទេ ឮតែភ្លេងពិណពាទ្យ គឺចង់តែរាំទ្រាំមិនបាន ទាំងតាមធម្មតាអ្នកស្រីជាមនុស្សអៀនច្រើន សុភាព មិនចេះរាំរែកសូម្បីបន្តិច។ អ្នកស្រីនឹងបន្តជំនឿនេះរហូត ព្រោះជំនឿនេះធ្វើឱ្យអ្នកស្រី គ្រួសារ និងស្រុកភូមិមានក្ដីសុខ ហើយក៏មិនជឿដែរថា ជំនឿនេះនឹងបាត់បង់ពីទឹកដីអង្គរ ព្រោះមានកូនចៅច្រើនណាស់ចាំគោរពប្រតិបត្តិនិងជឿជាក់ ហើយវាជាផ្នែកមួយដ៏សំខាន់ដែលមិនអាចបោះបង់ចោលបានក្នុងការរស់នៅ។

ចំពោះបងស្រី ប្រាក់ ដែលមានឈ្នួរកាន់យូរឆ្នាំហើយ ហើយក៏មកលៀងរាល់ឆ្នាំដែរ។ បងស្រីឱ្យដឹងថា មុននឹងដឹងថា យើងមានឈ្នួរឬគ្រូកំណើតកាន់ គឺយើងចេះតែឈឺនេះ ឈឺនោះ ទៅពេទ្យក៏មិនជា លេបថ្នាំក៏មិនត្រូវ ក៏ទៅឱ្យគ្រូដែលចេះទស្សន៍ទាយទើបដឹងថាយើងទាស់អី ខ្វះអី។ លុះពេលដឹងថាជាគ្រូកំណើតឬឈ្នួរហើយ គេត្រូវការបែបម៉េច ត្រូវការអ្វីខ្លះ ក៏រៀបទៅតាមគេតម្រូវ មិនចេះតែធ្វើតាមចិត្តនោះទេ។ ការរៀបជមនិងគ្រឿងរណ្តាប់សម្រាប់គ្រូកំណើតនិងឈ្នួរ គឺខុសគ្នា។ បើយើងរៀបត្រូវ ពេលរូបចូលមកក៏រាំរែកសប្បាយរីករាយ បង្អួតបង្ហាញគេ ហើយលើកមកថើបដោយក្តីស្រឡាញ់ ហើយរូបកាយអ្នកស្នងក៏ស្រឡះខ្លួន ជាសះស្បើយពីជំងឺ។ ផ្ទុយទៅវិញ បើរៀបចំគ្រឿងរណ្តាប់មិនត្រូវ ពិសេសជមគឺមេមត់មិនចូលរូបឡើយ ឬចូលតែយំ មិនរាំលេង បោកប្រាស់ ក្រញ៉េក្រញូវ ដែលគេថា «មេមត់ង៉ក់» ហើយធ្វើឱ្យរូបកាយអ្នកស្នងមិនជាស្រួលខ្លួនដែរ។

អ្នកស្រី ទិត្យ ហៀម មានទាំងឈ្នួរយាយតាកាន់ផង គ្រូកំណើតកាន់ផងជាង២០ឆ្នាំមកហើយ។ គាត់មិនដែលខកខានទេក្នុងការមកលៀងមេមត់ ដើម្បីឱ្យគ្រូកំណើតនិងឈ្នួរបានរាំរែកសប្បាយពេលដល់ខែដល់រដូវ។ អ្នកស្រី បញ្ជាក់ថា ឈ្នួរ គឺតមកពីម៉ែពីឪ យាយតា ហើយត្រូវរាំរែកជាប់រាល់ឆ្នាំ ឯគ្រូកំណើត គឺជាគ្រូដែលយើងបានទៅរៀនសូត្រធម៌មន្តវិជ្ជាការជាមួយ ឬទៅឱ្យកាត់មើលជំងឺឱ្យ លុះពេលគាត់ស្លាប់ទៅ គ្រូគាត់ក៏នឹងមកទំ (នៅជាមួយ) យើង តែវាមិនទាំងអស់ទេ អាស្រ័យលើនិស្ស័យ ហើយគ្រូកំណើត គឺរាំ៣ឆ្នាំម្តង។ បើទោះបីមានវ័យជាង៥០ឆ្នាំទៅហើយក៏ដោយ ក៏អ្នកស្រីប្រកាន់ជំហរយ៉ាងមុតមាំមិនបោះបង់ចោលការចូលរូប មិនបោះបង់ចោលព្រលឹងដូនតា ឬចងឈ្នួរចោលដែរ ព្រោះវាបាប វាធ្វើឱ្យយើងឈឺ វាដូចជាយើងបង្អត់បាយបង្អត់ទឹកដូនតា ម៉ែឪយើងឱ្យក្តៅក្រហាយ ណាមួយវាក៏មិនលំបាកអីផង មួយឆ្នាំរៀបចំពិធីតែម្តង ហើយកូនចៅក៏គាំទ្រនិងជួយជ្រោមជ្រែងក្នុងការមករៀបចំពិធីលៀងមេមត់នេះទៀត! បើយើងគោរពតាម យើងក៏ស្រឡះរូបស្រឡះអង្គ កូនចៅសុខសប្បាយ និងជាទំនៀមទម្លាប់ពីបរមបុរាណផង»។

ពិធីលៀងមេមត់ គឺពិតជាសំខាន់ខ្លាំងណាស់សម្រាប់ប្រជាជនក្នុងតំបន់អង្គរ ព្រោះវាជាផ្នែកមួយនៃការរស់នៅរបស់ពួកគាត់ទាក់ទងនឹងជំនឿដែលផ្តាច់មិនបាន បើទោះបីវិទ្យាសាស្ត្រនិងផ្នែកសុខាភិបាលមានការរីកចម្រើនខ្លាំងក្តី។ លើសពីនោះទៀត ក៏បង្ហាញពីការដឹងគុណចំពោះបុព្វបុរសជាគ្រូបាចារ្យ ជាឪពុកម្តាយដែលបានចែកឋានទៅហើយផងដែរ មិនថាគាត់ទៅជាអ្វី ក៏នៅតែកូនចៅរាប់រកជានិច្ច។ ការចូលរួម ភាពជឿជាក់ និងការឃើញរឿងហេតុអស្ចារ្យនៅក្នុងពិធី ជាអ្វីដែលធ្វើឱ្យពួកគាត់យល់ថា វត្ថុស័ក្ដិសិទ្ធិនិងបារមីនៅតែមានជីវិតរស់នៅលើដែនដីអង្គរ មិនសាបសូន្យទៅណា។ ការប្រតិបត្តិទាំងនេះ ជាការរួមចំណែកមួយក្នុងការថែរក្សាមរតកជំនឿឱ្យនៅតែមានជីវិតគ្រប់ជំនាន់ និងបញ្ជាក់ពីកំណើត អត្តសញ្ញាណរបស់ជាតិខ្មែរ ដែលមិនគួរឱ្យបាត់បង់តាមពេលវេលា៕