អាជ្ញាធរជាតិអប្សរាគ្រោងចាប់ដៃគូសហការជាមួយមជ្ឈមណ្ឌលស្រាវកសិកម្មធម្មជាតិមួយនៅប្រទេសកូរ៉េ ដើម្បីពង្រឹងវិស័យកសិកម្មនៅភូមិធម្មជាតិរុនតាឯក

872

គម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក បានផ្តោតសំខាន់លើការអភិវឌ្ឍកសិកម្មដោយធម្មជាតិ មិនប្រើប្រាស់សារធាតុគីមី។ ដើម្បីជំរុញគម្រោងនេះឲ្យដំណើរការទៅដោយរលូន អាជ្ញាធរជាតិអប្សរាបានសហការជាមួយស្ថាប័នបរទេសមួយចំនួន ដែលមានជំនាញលើការងារកសិកម្មធម្មជាតិ។

ជាក់ស្តែង នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរាបានអនុញ្ញាតឲ្យប្រតិភូនៃមជ្ឈមណ្ឌលស្រាវជ្រាវ DURE នៅប្រទេសកូរ៉េតាមរយៈក្រុមហ៊ុន S&MDC Co.,Ltd. ដែលធ្វើការលើវិស័យកសិកម្មធម្មជាតិ ចូលជួបពិភាក្សាការងារដោយផ្តោតសំខាន់លើការអភិវឌ្ឍកសិកម្មធម្មជាតិនៅភូមិធម្មជាតិរុនតាឯក។

ឯកឧត្តម ម៉ី ម៉ារ៉ាឌី ទីប្រឹក្សានិងជាប្រធានគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯកបានបញ្ជាក់ថា ជំនួបពិភាក្សានេះ ធ្វើឡើងដើម្បីដឹងពីលទ្ធភាពដែលស្ថាប័នទាំងពីរអាចនឹងបង្កើតកិច្ចសហការគ្នា នាពេលខាងមុខលើការរៀបចំកសិកម្មធម្មជាតិនៅភូមិធម្មជាតិរុនតាឯក។

ឯកឧត្តមបន្ថែមថា “យើងមានគម្រោងកសិកម្មធម្មជាតិ ដែលស្របគ្នានឹងមជ្ឈមណ្ឌលស្រាវជ្រាវរបស់ពួកគាត់ដែលកំពុងធ្វើការផ្នែកកសិកម្មធម្មជាតិនៅប្រទេសកូរ៉េ លើផ្ទៃដីជាង១៥០០ហិកតាដែរ។ ពួកគាត់មានជំនាញពិសេសក្នុងការធ្វើឲ្យដីបង្កើនគុណភាពដោយខ្លួន តាមរយៈការធ្វើដីឲ្យធូរជ្រៅទៅខាងក្រោម ដែលជាជំនួយដល់ការលូតលាស់ដំណាំកសិកម្ម ទទួលបានផលច្រើន ដោយមិនចាំបាច់ប្រើប្រាស់សារធាតុគីមី”។

គួររំឭកថា ភូមិធម្មជាតិរុនតាឯក ត្រូវបានបង្កើតឡើងដោយមានការជ្រើសរើសប្រជាជនក្នុងតំបន់អង្គរឲ្យមករស់នៅ ដោយសារកំណើនយ៉ាងឆាប់រហ័សក្នុងតំបន់បេតិកភណ្ឌមួយនេះ។ បច្ចុប្បន្នមានគ្រួសារចំនួន ១០៣ហើយ ដែលត្រូវបានជ្រើសរើសឲ្យមកស្នាក់នៅ ដោយមានការផ្តល់ផ្ទះមួយខ្នង និងដីសម្រាប់ធ្វើកសិកម្ម១ហិកតា។ ផ្ទៃដីសរុបនៃភូមិនេះមានចំនួន ១០១២ហិកតា ហើយគ្រោងនឹងពង្រីកបន្ថែមទៀតនាពេលអនាគត។

ដើម្បីលើកស្ទួយជីវភាពប្រជាពលរដ្ឋនៅទីនេះ ក្រៅពីហេដ្ឋារចនាសម្ព័ន្ធ ក្រុមគម្រោងបានផ្តោតការយកចិត្តទុកដាក់ខ្លាំងលើវិស័យកសិកម្មដោយមិនប្រើប្រាស់សារធាតុគីមី។ គម្រោងនេះបានដំណើរការជាបណ្តើរៗដោយទទួលបានទាំងលទ្ធផលកសិកម្ម និងទីផ្សារនាំទៅក្រៅប្រទេសទៀតផង។ ទោះជាយ៉ាងនេះក្តី ក្រុមគម្រោងក៏នៅតែរង់ចាំស្វាគមន៍រាល់គម្រោងសហប្រតិបត្តិការជាតិ និងអន្តរជាតិដើម្បីពង្រីកវិសាលភាពទីផ្សារឲ្យទូលំទូលាយ៕