ប្រភពព៍ត៌មានពីខេត្តព្រៃវែងបានឲ្យដឹងថា សព្វថ្ងៃនេះក្រមហ៊ុនអង្គរសុខសារិទ្ធមានជ័យ ដែលមាន លោកឧកញ្ញាជឹម សុខជាប្រធានបាននិងកំពុងរកស៊ីនាំគោចេញទៅវៀតណាមក្នុងមួយខែៗ រាប់ម៉ឺនក្បាល។គោ ក្របីទាំងនេះត្រូវបាននាំចេញទៅលក់នៅវៀតណាមតាមច្រកតំបន់ស្វាយអាង៉ោង ស្រុកកំពុងត្របែក ខេត្តព្រៃវែងជាប្រចាំ។

image

តាមព៍ត៌មានបានឲ្យដឹងទៀតថា ក្រុមហ៊ុននេះមានច្បាប់នាំចេញត្រឹមត្រូវទេ ប៉ុន្តែចំនួននៃការនាំចេញច្រើនសន្ធឹកសន្ធាប់លើសពីចំនួនដែលច្បាប់កំណត់។ ដូចជានៅច្រកស្វាយអាង៉ោងនេះច្បាប់កំណត់ឲ្យនាំចេញតែ១០០០ក្បាលប៉ុណ្ណោះក្នុងមួយខែ ប៉ុន្តែក្រុមហ៊ុននាំចេញក្នុងមួយខែប្រមាណ១០០០០ក្បាលឯណោះ។

ក្រៅពីនេះបើមានឈ្មួញណាចង់នាំគោឬក្របីមួយក្បាលឬពីរក្បាលទៅលក់ឲ្យវៀត នាមដែរនោះត្រូវបង់ក្បាលកាក់ឲ្យក្រុមហ៊ុន ឧកញ្ញាជឹម សុខក្នុងមួយក្បាល៤ម៉ឺនរៀលនេះ ចំពោះគោ ក្របីតូចៗ ប៉ុន្តែបើអាធំៗវិញត្រូវបង់មួយក្បាល៦ម៉ឺនរៀលឯណោះ។

ពិតជាស្រួលរកស៊ីមែន។ តាមពិតទៅក្រុមហ៊ុននេះរកស៊ីបែបនេះយូរមកហើយ ប៉ុន្តែដូររដ្ឋមន្ត្រីក្រសួងកសិកម្មអស់៤-៥ នាក់ទៅហើយក៏នៅតែដដែល ហាក់ដូចជាគ្មានរដ្ឋមន្ត្រីណាម្នាក់យកចិត្តទុកដាក់រឿងនេះទេ។ ឬមួយក៏គិតថាវាកំប៉ិកកំប៉ុក ពេក?ឬមួយក៏…ទុកឲ្យសម្តេចនាយករដ្ឋមន្ត្រីស្រែកទៀតគ្រាន់តែអារឿងប៉ុណ្ណឹង? ជួនកាល អាចថាលោករដ្ឋមន្ត្រីអត់បានដឹងទេ ប៉ុន្តែផ្នែកជំនាញខាងក្រោម លេបម្នាក់ឯងយ៉ាងឆ្ងាញ់ ដៃបាត់ទៅហើយ។ សូមមេត្តាពិនិត្យផង កុំឲ្យក្រុមហ៊ុនលោកជឹម សុខបានដៃខ្លាំងពេក៕