សន្និបាតបូកសរុបលទ្ធផលការងារវប្បធម៌ និងវិចិត្រសិល្បៈ

3107

សន្និបាតបូកសរុបលទ្ធផលការងារវប្បធម៌ និងវិចិត្រសិល្បៈ ឆ្នាំ២០១៧ និងលើកទិសដៅការងារវប្បធម៌ និងវិចិត្រសិល្បៈ ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ថ្ងៃពុធ ០៧រោច និងថ្ងៃព្រហស្បតិ៍ ០៨រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី០៧ និងទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅសាលចតុម្មុខ។

លោកស្រី ភឿង សកុណា រដ្ឋមន្រ្ដីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានថ្លែងថា «ទិសដៅសម្រាប់ឆ្នាំ ២០១៧ ក្រសួង បានសម្រេចជោគជ័យ ចុះបញ្ជី ប្រាសាទសំបូរព្រៃគុក ជាបេតិកភណ្ឌពិភពលោក។ ដោយឡែក សម្រាប់ទិសដៅឆ្នាំ ២០១៨ នេះ គឺយើងបានចាប់ផ្ដើមរៀបចំឯកសារ នៃកោះកេរ និង បន្ទាយឆ្មារ ដាក់ស្នើសុំ ផ្ញើរទៅអង្គការយូនីស្កូរ ដើម្បីដាក់ជាបញ្ជីបេតិកភណ្ឌ នៅពេលដែលរៀបចំឯកសារគ្រប់គ្រាន់ យើងនឹងបញ្ចូនទៅអង្គការយូនីស្កូរ។ បច្ចុប្បន្ននេះ យើងបានរៀបចំឯកសារ ល្ខោនខោល និង ក្បាច់ល្បុក្កតោ បញ្ចូនទៅអង្គការយូនីស្កូររួចហើយ ហើយក៏កំពុងតែរៀបចំខាងតម្បាញសូត្រ និងកំពុងទាក់ទងទៅបណ្ដារក្រៅប្រទេស ដើម្បីពាំនាំ និងស្វែងរក យកវត្ថុបុរាណ មកកាន់ដែនដីកម្ពុជាវិញ ផងដែរ»។

លោកស្រីបន្តថា «សន្និបាតបូកសរុបលទ្ធផល ការងារវប្បធម៌ និង វិចិត្រសិល្បៈ ធ្វើឡើងជារៀងរាល់ឆ្នាំ ហើយជាឱកាស ដើម្បីឲ្យអង្គភាពពាក់ព័ន្ធ នឹងក្រសួងវប្បធម៌ អាចលើកឡើងពីបទពិសោធន៍ លើកឡើងពីភាពលំបាក និងភាពងាយស្រួល ក្នុងការអនុវត្តន៍គោលនយោបាយ ដែលនៅតាមអង្គភាពកណ្ដាលក្ដី ឬតាមបណ្ដាខេត្តនានាក្ដី ផែនការសកម្មភាព ដែលបានលើកឡើងនៅឆ្នាំ ២០១៧ នេះ ក្រសួងបានសម្រេចជោគជ័យ៩០ភាគរយ នៃផែនការ ដូច្នេះមានប្រសិទ្ធភាពរវាងការងារ ដែលជាគម្រោង ក៏ដូចជាសកម្មភាព ដែលយើងបានធ្វើកន្លងមកហើយ។ ទិសដៅការងារ នៃឆ្នាំ ២០១៨ ក្រសួងវប្បធម៌ មានទិសដៅធំមួយ គឺ ថែរក្សាសម្បត្តិវប្បធម៌ និងបេតិកភណ្ឌរូបិយ និងអរូបិយ រួមបញ្ចូលទាំងប្រាសាទបុរាណខ្មែរ ដែលជាកេរ្តិ៍មរតក ពីបុព្វបុរសជំនាន់ដើម»