កាសែត Le Monde ដ៏ល្បីរបស់បារាំងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរជាតិអប្សរាក្នុងតំបន់បេតិកភណ្ឌអង្គរ

384

តាមការចុះផ្សាយនៃបទយកការណ៍ពិសេសរបស់កាសែតបារាំង Le Monde កាសែតដ៏ល្បីមួយក្នុងពិភពលោក ថែមទាំងមានសុក្រិត្យភាពបំផុត ចេញផ្សាយកាលពីថ្ងៃអាទិត្យ ទី០៤ ខែមករា ឆ្នាំ២០១៨ ក្រោមចំណងជើងថា «អង្គរ ការប្រឈមនៃការកើនឡើងយ៉ាងគំហុកនៃវិស័យទេសចរណ៍» បានបង្ហាញពីបញ្ហាជាច្រើននៅក្នុងតំបន់អង្គរ មានទាំងការអភិរក្ស ជួសជុលសំណង់ប្រាសាទ បរិស្ថាន ការគ្រប់គ្រងទេសចរ ចំណូលអង្គរ ការរីករាលដាលនៃសំណង់ក្នុងឧទ្យានអង្គរ ជីវភាពរស់នៅរបស់ប្រជាជន ការបង្កើតគណៈកម្មាធិការគ្រប់គ្រងតំបន់អង្គរ កសិកម្ម និងការវិនិយោគទុនផ្សេងៗ។ល។

កាសែតនេះ បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័នអាជ្ញាធរជាតិអប្សរាលើតំបន់ឧទ្យានអង្គរក្នុងផ្ទៃក្រឡាជាង៤០១គីឡូម៉ែត្រក្រឡា ដូចជាការទប់ស្កាត់នូវការរីករាដាលនៃសំណង់ខុសច្បាប់ក្នុងតំបន់អង្គរបានរាប់រយករណី ការយកចិត្តទុកដាក់លើការថែរក្សា ការពារ ជួសជុល អភិរក្សប្រាង្គប្រាសាទនានាជាមួយអ្នកជំនាញបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិថែមទៀត ក្នុងនោះក៏មានបារាំងផងដែរ។ ពិសេសគឺការបង្កើតឱ្យមានគណគណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរហៅកាត់ថា អាយស៊ីស៊ី-អង្គរ (ICC-Angkor) ដែលជាគំរូដ៏ល្អសម្រាប់តំបន់បេតិកភណ្ឌដទៃទៀតលើពិភពលោកយកគំរូតាម។

ក្រៅពីការងារគ្រប់គ្រង អភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាក៏បានយកចិត្តទុកដាក់យ៉ាងខ្លាំងអំពីការរស់នៅរបស់ប្រជាជនក្នុងតំបន់អង្គរដោយខ្លួនឯងផងនិងមានការសហការពីដៃគូអភិវឌ្ឍន៍ផង ទាំងលើផ្នែកសិក្សាអប់រំ ការថែរក្សាបេតិកភណ្ឌ ការបណ្តុះបណ្តាលលើជំនាញចិញ្ចឹមសត្វនិងការដាំដុះផ្សេងៗ អប់រំអំពីបរិស្ថានល្អនិងអនាម័យ ការរស់នៅនិងហូបស្អាត ការប្រើប្រាស់និងសាងសង់បង្គន់ជាដើម។

ដើម្បីទទួលបានព័ត៌មានផ្សេងៗអំពីសកម្មភាពការងារនិងសមិទ្ធផលដែលអាជ្ញាធរជាតិអប្សរាសម្រេចបាន សូមអញ្ជើញទស្សនាគេហទំព័រ www.apsaraauthority.gov.kh និងហ្វេសប៊ុកផ្លូវអាជ្ញាធរជាតិអប្សរាដែលឈ្មោះ អាជ្ញាធរជាតិអប្សរា៕