ចាប់ខ្លួនបានហើយ ជនដៃដល់ជានាយនគរបាលប៉ុស្តិ៍អូររលែ ដែលបាញ់សម្លាប់មនុស្ស៣នាក់ នៅខេត្តមណ្ឌលគិរី

413

ខេត្តមណ្ឌលគិរី៖ ឧត្តមសេនីយ៍ត្រី សូ សុវណ្ណ ស្នងការរងទទួលផែនព្រហ្មទណ្ឌ ខេត្តមណ្ឌលគិរី បានថ្លែងប្រាប់ឲ្យដឹងនៅមុននេះបន្តិចថា ជនដៃដល់គឺជានាយនគរបាលប៉ុស្តិ៍អូររលែ ដែលជាអ្នកសម្លាប់ជនរងគ្រោះទាំង៣នាក់នោះ ត្រូវបានចាប់ខ្លួនហើយ នៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ខណៈជនដៃដល់រូបនេះបម្រុងរត់គេចខ្លួនទៅស្រុកកំណើត នៅខេត្តព្រៃវែង។

3

ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ក៏បានបញ្ជាក់ផងដែរថា ជនដៃដល់រូបនេះត្រូវបានកម្លាំងនគរបាលស្រុកមេមត់របស់លោក សហការជាមួយនគរបាលខេត្តមណ្ឌលគិរី ចាប់ខ្លួននៅពេលកំពុងចូលហូបគុយទាវ នៅហាងឥន្ទ្រី។

នាយនគរបាលប៉ុស្តិ៍អូររលែឈ្មោះ ផល ពេញ ដែលជាជនដៃដល់បាញ់សម្លាប់មន្រ្តីអាវុធហត្ថលើផ្ទៃប្រទេស, មន្រ្តីឧទ្យានុរក្ស នៃមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី និងបុគ្គលិកអង្កការ WCS ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនបានហើយ នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

គិតត្រឹមយប់មិញ មន្រ្តីយោធាការពារព្រំដែន៣នាក់ និងមន្រ្តីនគរបាលការពារព្រំដែនម្នាក់ ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ ពាក់ព័ន្ធការបាញ់សម្លាប់មនុស្ស៣នាក់ នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី ខណៈជនដៃដល់ជា នាយនគរបាលប៉ុស្តិ៍អូររលែ ឈ្មោះ ផល ពេញ បាននិងកំពុងរត់គេចខ្លួននៅក្នុងព្រៃនៅឡើយ។ នេះបើយោងតាមលោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាសមាជិកគណៈកមា្មធិការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើថ្នាក់ជាតិ ដែលកំពុងដឹកនាំកម្លាំងចុះស្រាវជ្រាវករណីនេះ បានថ្លែងប្រាប់បណ្តាញសារព័ត៌មាន ។

ជនដៃដល់ និងពាក់ព័ន្ធនៃការបាញ់សម្លាប់ជនរងគ្រោះទាំង៣នាក់នេះ ត្រូវបានសមត្ថកិច្ចប្រាប់ថា មាននាយនគរបាលប៉ុស្តិ៍អូរលែ លោក ផល ពេញ បូករួមទាំងឈ្មោះ កើត វេហា, ឈ្មោះ ងួរ ជាមន្ដ្រីយោធាការពារព្រំដែននៅតំបន់អូររលែ ព្រមទាំងជនពាក់ព័ន្ធមួយចំនួនទៀត។

សូមបញ្ជាក់ថា ការបាញ់ប្រហារនេះបានកើតឡើងនៅចំណុចប៉ុស្ដិ៍អូររលែ ក្នុងភូមិសាស្ដ្រភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី នៅចន្លោះម៉ោង៤ ទៅម៉ោង៥ល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ បានបណ្ដាលឲ្យស្លាប់មនុស្ស៣នាក់ រួមមាន៖ មន្ដ្រីអាវុធហត្ថលើផ្ទៃប្រទេសម្នាក់ឈ្មោះ សេក វឌ្ឍនា, មន្ដ្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ឈ្មោះ តើន សុខណៃ និងបុគ្គលិកអង្គការសមាគម អភិរក្សាសត្វព្រៃ Wildlife Conservation Society (WCS)ឈ្មោះ ថុល ខ្នា ដែលការបាញ់ប្រហារនេះផ្តើមចេញពីបទល្មើសព្រៃឈើ៕

1

3

4

5

6

7

8