អាជ្ញាធរជាតិអប្សរារៀបចំវគ្គបណ្តុះបណ្តាលស្តីពីការរៀបចំផែនការមេរបស់សំណង់ប្រាសាទបុរាណ

3575

នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ នៃអាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ មានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការរៀបចំផែនការមេរបស់សំណង់ប្រាសាទបុរាណ»។ វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីមន្រ្តីជនាញនៃបណ្តានាយកដ្ឋានក្នុងអាជ្ញាធរជាតិអប្សរា ក្រសួងវប្បធម៌ អាជ្ញាធរជាតិព្រះវិហារ និងអាជ្ញាធរជាតិសំបូរព្រៃគុកជាដើម។

ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តម សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះនឹងធ្វើរយៈពេល២សប្តាហ៍ គឺចាប់ពីថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨។ ឯកឧត្តមបន្ថែមថា វគ្គបណ្តុះបណ្តាលនេះ នឹងផ្តោតការយល់ដឹងពីការគ្រប់គ្រងប្រាសាទដោយចីរភាព។ តាមឯកឧត្តម ដើម្បីធ្វើការទាំងនេះបាន យើងត្រូវយល់ដឹងពីគុណតម្លៃនៃប្រាសាទ ជាពិសេសយល់ដឹងពីការងារអភិរក្ស ហើយយើងត្រូវតែមានការអភិវឌ្ឍដោយសមស្រប ឬដោយចីរភាព។

ឯកឧត្តម សុខ សង្វារ បន្ថែមទៀតថា៖« ការអភិរក្ស និងការអភិវឌ្ឍ មិនអាចដាច់ពីគ្នាបានទេ តែគោលជំហររបស់យើង (អាជ្ញាធរជាតិអប្សរា) គឺអភិរក្សដើម្បីអភិវឌ្ឍន៍ និងអភិវឌ្ឍន៍ដើម្បីអភិរក្ស»។

វគ្គបណ្តុះបណ្តាលស្តីពីការរៀបចំផែនការមេរបស់សំណង់ប្រាសាទបុរាណ នៅឆ្នាំនេះ គឺមានការចូលរួមពីបណ្តាអង្គភាពច្រើនជាងឆ្នាំទៅ។ ឆ្នាំទៅ មានតែនាយកដ្ឋាន៣ប៉ុណ្ណោះចូលរួម មាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យាន និងបុរាណវិទ្យាបង្ការ នាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ និងនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ តែឆ្នាំនេះមាននាយកដ្ឋានទ្រទ្រង់បច្ចេកទេសនិងគម្រោងអន្តរវិស័យ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អាជ្ញាធរជាតិព្រះវិហារ និងអាជ្ញាធរជាតិសំបូរព្រៃគុក។

ឯកឧត្តម សុខ សង្វារ រំពឹងថា វគ្គបណ្តុះបណ្តាលរយៈពេល២សប្តាហ៍នេះ នឹងធ្វើឱ្យសិក្ខាកាមទាំងអស់យល់ពីចំណុចសំខាន់ៗ ដែលជាសារប្រយោជន៍ដល់ការងារអភិរក្ស និងការងារអភិវឌ្ឍនៃរមណីយដ្ឋានអង្គរ ក៏ដូចជាសំណង់ប្រាសាទបុរាណដទៃក្នុងប្រទេសកម្ពុជា។

គួរបញ្ជាក់ថា វាគ្មិនសម្រាប់វគ្គបណ្តុះបណ្តាលលើកនេះ គឺលោក Jean-Christophe Simon អគ្គនាយកផ្នែកអធិការកិច្ចនៃសំណង់បុរាណ នៃក្រសួងវប្បធម៌បារាំង៕