ប្រជាពលរដ្ឋចំនួន៤គ្រួសាររស់នៅក្នុងភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមាខេត្តមណ្ឌលគិរី សំណូមពរដល់រាជរដ្ឋាភិបាល មេត្តាជួយរកយុត្តិធម៌ជូនពួកគាត់

586

ខេត្តមណ្ឌលគិរី÷ ប្រជាពលរដ្ឋចំនួន៤គ្រួសាររស់នៅក្នុងភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមាខេត្តមណ្ឌលគិរី ដែលមានឈ្មោះទី១ ឈួន សារឿន ភេទស្រី អាយុ៥៣ឆ្នាំ ទី២ឈ្មោះ ម៉ី សុភេទ ភេទស្រី អាយុ៦៣ឆ្នាំ ទី៣ឈ្មោះ ម៉ី ស៉ីឡាត ភេទស្រី អាយុ៤៣ឆ្នាំ ទី៤ឈ្មោះ មុត កើម ភេទស្រី អាយុ៥២ឆ្នាំ ក្នុងនោះមាន៣គ្រួសារជាជនជាតិដើមភាគតិចស្ទៀង មានស្រុកកំណើតនៅក្នុងភូមិឃុំខាងលើ សូមណូមពរដល់អាជ្ញាធរខេត្តណ្ឌលគិរី ជាពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សូមមេត្តាជួយរកយុត្តិធម៌ដល់ពួកគាត់ ពាក់ព័ន្ធទៅនឹងទំនាស់ដីធ្លីដ៏រាំរៃជាយូរឆ្នាំមកហើយរវាងពួកគាត់ និងឈ្មោះ មុឹង ឈីន។

បើតាមការរៀបរាប់អោយដឹងពីប្រជាពលរដ្ធចំនួន៤គ្រួសារបានឲ្យដឹងថា ដីដែលមានទំនាស់នេះកាលពីឆ្នាំ២០១២ ត្រូវបានអាជ្ញាធរខេត្តមណ្ឌលគិរី លោក ចាន់ យឿន នៅកាន់តំណែងជាអភិបាលខេត្តមណ្ឌលគិរី លោកបានចាត់ក្រុមការងារថ្នាក់ខេត្ត ដឹកនាំដោយ លោក សុក សេរ៉ា ចុះមកស្រាវជ្រាវដីដែលមានទំនាស់នេះ ដោយបានធ្វើការសាកសួរអ្នកនៅក្បែរទីតាំងដីមានទំនាស់ ព្រមទាំងមានការបំភ្លឺ និងការបញ្ជាក់របស់អ្នកពាក់ព័ន្ធរួមមាន អតីតមេភូមិឆ្នែង អតីតមេឃុំស្រែខ្ទុម ក្រុមការងារបានសន្និដ្ឋាន និងវាយតម្លៃថាដីមានទំនាស់នេះពិតជាដីរបស់ប្រជាពលរដ្ឋចំនួន៤គ្រួសារពិតប្រាកដមែន ។

ពួកគាត់បានអោយដឹងទៀតថាដីចំនួន៦ហិតា៩០អា ត្រូវបានលោកមេភូមិចាស់បានបែងចែកអោយពួកគាត់តាំងពីឆ្នាំ២០០០មកម្លេះ ហើយទំនាស់ដីធ្លីនេះបានចាប់ផ្តើមកើតមានឡើងតាំងតែពីឆ្នាំ២០០៣។ប៉ុន្តែដីនេះក្រោយមកត្រូវបានកាត់ចេញពីក្នុងទឹកដីខេត្តមណ្ឌលគិរី ស្ថិតក្នុងការគ្រប់គ្រងរបស់អាជ្ញាធរខេត្តក្រចេះវិញ នៅក្នុងអំឡុងឆ្នាំ២០១៣ ក្រោយមកអាជ្ញាធរខេត្តមណ្ឌលគិរីបានបង្វែរឿងនេះ អោយទៅអាជ្ញាធរខេត្តក្រចេះជាអ្នកដោះស្រាយវិញ បន្ទាប់មក លោក មុឹង ឈីន ក៏បានដាក់ពាក្យបណ្តឹងទៅសាលាតំបូងខេត្តក្រចេះ ហើយសម្រេច អោយលោក មុឹង ឈីន ឈ្នះរឿងក្តីនេះនៅក្នុងឆ្នាំ២០១៨ ព្រមទាំងអោយពួកគាត់ទាំង៤គ្រួសារសងនៅសំណងជម្ងឺចិត្តចំនួន២០០០ដុល្លាដល់លោក ម៉ឹង ឈីន ថែមទៀតផង។

បើតាមការបញ្ជាក់បន្ថែមពីលោកមេភូមិចាស់បានបញ្ជាក់បន្ថែមថា ដីនេះគាត់ពិតជាបានវាស់វែងចែកជូនប្រជាពលរដ្ឋចំនួន៤គ្រួសារនេះនៅឆ្នាំ២០០០មែន។

ពាក់ព័ន្ធទៅនឹងរឿងរ៉ាវទំនាស់ដីធ្លី រវាងប្រជាពលរដ្ឋ៤គ្រួសារ និងលោក មុឹង ឈីន ប្រជាពលរដ្ឋរស់នៅក្នុងភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមាខេត្តមណ្ឌលគិរី មានការងើងឆ្ងល់ថាដោយយោងទៅតាមព្រះរាជក្រឹត្យ បានកាត់ដីនៅតំបន់មានជម្លោះនេះមកអោយអាជ្ញាធរខេត្តមណ្ឌលគិរី គ្រប់គ្រងវិញនៅក្នុងឆ្នាំ២០១៦ ចុះហេតុអ្វីមិនអោយសាលាតំបូងខេត្តមណ្ឌលគិរី ជាអ្នកដោះស្រាយបែរជាអោយសាលាតំបូងខេត្តក្រចេះដោះស្រាយទៅវិញ ?

ជាចុងក្រោយប្រជាពលរដ្ឋទាំង៤គ្រួសារ សូមសំណូមពរដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងសម្តេចតេជោ ហ៊ុន សែន មេត្តាជួយរកយុត្តិធម៌ដល់ពួកគាត់ផង ដោយពួកគាត់បច្ចុប្បន្ននេះ ពុំមានដីសម្រាប់សង់លំនៅដ្ឋាន និងសម្រាប់បង្ករបង្កើនផលដំណាំឡើយ៕ដោយ(មនោរម្យ)

IMG-20180127-WA0009

IMG-20180127-WA0011

IMG-20180127-WA0010