ក្រុមល្បាតសហគមន៍រឹបអូសបានអន្ទាក់ជាង៥០០ខ្សែ និងរណាយន្តជាង ៨០គ្រឿងនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា

5362

មណ្ឌលគិរី (ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨) – អន្ទាក់ចាប់សត្វព្រៃ ជាង៥0០ខ្សែ និងរណាយន្តជាង៨០គ្រឿង ដែលរឹបអូសបាននាឆ្នាំ២០១៧ ដោយក្រុមល្បាតសហគមន៍ដែលដឹកនាំដោយមន្រ្តីមកពីក្រសួងបរិស្ថាន និងមានសមាជិកជាប្រជាសហគមន៍ ឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរបស់ ពួកគាត់ក្នុងការទប់ស្កាត់សកម្មភាពខុសច្បាប់ដែលប៉ះពាល់ដល់ដីធ្លីរបស់ ពួកគាត់ សម្លាប់សត្វព្រៃប្រភេទកម្រនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា និងបញ្ហាឲ្យមានជម្លោះនៅក្នុងសហគមន៍ផងដែរ។ ប៉ុន្តែ វាទាមទារ សកម្មភាពច្រើនបន្ថែមទៀតដើម្បីថែរក្សាព្រៃឈើ និងសត្វព្រៃនៅ កែវសីមានេះឲ្យនៅគង់វង្សសម្រាប់ពេលអនាគត។

FB_IMG_1516604492974

ក្រុមល្បាតសហគមន៍ ដែលទទួលបានការគាំទ្រពីអង្គការWCS តែងចុះ ល្បាតយ៉ាងសកម្មក្នុងដែនជម្រកសត្វព្រៃកែវសីមាដើម្បីទប់ស្កាត់បទល្មើសព្រៃឈើ និងសត្វព្រៃ។ នៅក្នុងឆ្នាំ២០១៧ ពួកគាត់បានចុះល្បាតចំនួន ៥២លើកដែលចំណាយពេលជាង១៥០ថ្ងៃស្នាក់នៅក្នុងព្រៃ។ ជាលទ្ធផល ពួកគាត់បានឃាត់ខ្លួនមនុស្សចំនួន០៧នាក់ និងចេញលិខិតព្រមានចំនួន ៥៧ដល់អ្នកដែលបានប្រព្រឹត្តសកម្មភាពខុសច្បាប់នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ព្រមទាំងបានរឹបអូសវត្ថុតាងជាច្រើនដូចជារណាយន្ត ៨៦គ្រឿង អន្ទាក់ចំនួន៥១៣ខ្សែ កាំភ្លើងកែច្នៃ៦គ្រឿង កាំបិត និងពូថៅ៧២ ព្រមទាំងម៉ូតូចំនួន១៧គ្រឿង។

លោក អែម ត្រាយ ប្រធានក្រុមសម្របសម្រួលការដើរល្បាតសហគមន៍ ប្រចាំដែនជម្រកសត្វព្រៃកែវសីមា បាននិយាយថា៖ “ដោយសារតែ ការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែង ក្រុមល្បាតសហគមន៍ដែលមាន សមាជិកចុះល្បាតម្តងៗមានចំនួនយ៉ាងតិច១៥នាក់មកពីភូមិចំនួន០៩ តែងតែចុះល្បាតព្រៃជាប្រចាំដើម្បីទប់ស្កាត់កុំឲ្យមានបទល្មើសព្រៃឈើ និងសត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា។ ទោះជួបប្រទះឧបសគ្គ ជាច្រើនដូចជា ការធ្វើដំណើរទៅកាន់តំបន់ព្រៃជ្រៅ ការស្នាក់នៅក្នុងព្រៃរយៈ ពេលច្រើនថ្ងៃ ការធ្វើដំណើរនារដូវវស្សា និងសុវត្ថិភាពផ្ទាល់ខ្លូនក្តី ក្រុមល្បាតសហគមន៍នៅតែបន្តបំពេញការងារល្បាតរបស់ខ្លួនយ៉ាងល្អ ពីព្រោះពួកគាត់បានយល់ច្បាស់អំពីសារៈសំខាន់នៃការថែរក្សាព្រៃឈើ និងសត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃកែវសីមានេះឲ្យនៅគង់វង្ស។”

FB_IMG_1516604497430

លោក ត្រាយ បានបន្តថា៖ “ប្រជាសហគមន៍កាន់តែច្រើនបានស្ម័គ្រចិត្ត ចូលរួមជាមួយក្រុមល្បាតសហគមន៍ ពីព្រោះពួកគាត់បានយល់ច្បាស់ អំពីតម្លៃនៃការងារអភិរក្សព្រៃឈើ និងសត្វព្រៃ។ យើងសូមឲ្យអាជ្ញាធរ និងប្រជាជនមូលដ្ឋានចូលរួមក្នុងសកម្មភាពល្បាតទាំងអស់គ្នាដើម្បីបង្កើនប្រសិទ្ធិភាពការពារព្រៃឈើ និងសត្វព្រៃឲ្យនៅគង់វង្ស។ សាធារណៈជន ក៏អាចជួយដល់ក្រុមល្បាតផងដែរ តាមរយៈការបរិច្ចាគជាសម្ភារៈ ល្បាតព្រៃដូចជាសំលៀកបំពាក់ ស្បែកជើង និងអង្រឹងដែលអាចឲ្យពួកគាត់ អាចបង្កភាពងាយស្រួលក្នុងការចុះល្បាតព្រៃម្តងៗ។”

មានទីតាំងស្ថិតនៅក្នុងខេត្តក្រចេះ និងមណ្ឌលគិរី ដែនជម្រកសត្វព្រៃកែវ សីមា ជាទីជម្រកដល់សត្វព្រៃ និងរុក្ខជាតិជាង៦០ប្រភេទ ស្ថិតនៅក្នុង បញ្ជីក្រហមរបស់អង្គការIUCNជាប្រភេទរងការគំរាមកំហែងឈាន ទៅរកការផុតពូជ។ តំបន់នេះ មានសារៈសំខាន់ជាសកលសម្រាប់ការ អភិរក្សពពួកសត្វពានរ ដូចជាស្វាកន្ទុយស និងទោចថ្ពាល់លឿងជាដើម ពពួកខ្លា ដំរីព្រៃ ក្រុមគោសាទិស និងសត្វស្លាបជាច្រើនប្រភេទ ផ្សេងទៀតដូចជាក្ងោកជាដើម។

លោក តាន់ សេដ្ឋា ទីប្រឹក្សាបច្ចេកទេសអង្គការWCS ប្រចាំដែនជម្រក សត្វព្រៃកែវសីមា បាននិយាយថា៖ “តាមរយៈកញ្ចប់ថវិកាទទួលបាន ពីការលក់ឥណទានកាបូន និងម្ចាស់ជំនួយផ្សេងៗទៀត ក្រសួងបរិស្ថាន និងអង្គការWCS បានជួយផ្តល់ជាធនធានមនុស្ស បច្ចេកទេស និងថវិកាដល់ក្រុមល្បាតសហគមន៍ដើម្បី ឲ្យពួកគាត់អាចសម្រេចបាន នូវគោលដៅ និងការប្តេជ្ញាចិត្តក្នុងការការពារព្រៃឈើ និងសត្វព្រៃនៅក្នុង ដែនជម្រកសត្វព្រៃកែវសីមានេះឲ្យនៅគង់វង្ស។ នេះក៏ជាគោលបំណង ចម្បងរបស់ក្រសួងបរិស្ថាន និងអង្គការWCS ក្នុងអភិរក្សដែនជម្រកសត្វព្រៃ កែវសីមានេះសម្រាប់រយៈពេលជាង១៥ឆ្នាំកន្លងនេះ។”

លោក សេដ្ឋា បានបន្តថា៖ “យើងពេញចិត្តចំពោះការងាររបស់ក្រុម ល្បាតកន្លងទៅនេះ ពីព្រោះវាបានរួមចំណែកយ៉ាងសំខាន់ដល់ការថែរក្សា និងការពារសត្វព្រៃ និងព្រៃឈើនៅដែនជម្រកសត្វព្រៃកែវសីមានេះ។”

សកម្មភាពអភិរក្សនៅដែនជម្រកសត្វព្រៃកែវសីមា ទទួលបានការគាំទ្រពី U.S. Fish and Wildlife Service, USAID, Agence Française de Développement, Fonds Français pour l’Environnement Mondial (FFEM), និងសហភាពអឺរ៉ុប។

FB_IMG_1516604495803

FB_IMG_1516604499857

FB_IMG_1516604502057