អាជ្ញាធរជាតិអប្សរាទទួលលទ្ធផលល្អប្រសើរពីការធ្វើសវនកម្មប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ

664

សវនកម្មលើប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរដោយស្ថាប័នធានាគុណភាពជប៉ុន Japan Quality Assurance (JQA) មកលើអាជ្ញាធរជាតិអប្សរា បានបញ្ចប់នៅសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ដោយលទ្ធផលយ៉ាងល្អប្រសើរបំផុត។ 

យោងលទ្ធផលសវនកម្ម លោក Kozo Sakurada និងលោក Yamada Mamoru សវនករមកពីស្ថាប័ន JQA បានវាយតម្លៃខ្ពស់ចំពោះការអនុវត្តរបស់អាជ្ញាធរជាតិអប្សរាលើការគ្រប់គ្រងប្រព័ន្ធបរិស្ថានក្នុងតំបន់អង្គរស្តង់ដារថ្មី ISO 14001-2015 ។ បើទោះបីជា ស្តង់ដារថ្មី ISO 14001-2015 អាជ្ញាធរជាតិអប្សរាទើបអនុវត្តជាលើកដំបូង តែអាជ្ញាធរជាតិអប្សរាបានបំពេញការងារនេះយ៉ាងល្អ និងមិនមានភាពមិនអនុលោម ហើយមានចំណុចសង្កេតតែ៧ចំណុចប៉ុណ្ណោះ។

ឯកឧត្តម សុខ លក្ខិណា ជាប្រធាននៃអង្គភាពគ្រប់គ្រងប្រព័ន្ធបរិស្ថានអង្គរ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ក្នុងពិធីបិទសវនកម្មផ្ទៃក្រៅ បានឱ្យដឹងថា ការធ្វើសវនកម្មទទួលបានលទ្ធផលល្អប្រសើរ។ យើងមានចំណុចតាមសង្កេតចំនួន៧ ហើយសវនករបានផ្តល់ជាអនុសាសន៍មួយដើម្បីកែលំអរ។

ឯកឧត្តមក៏បានរំពឹងទុកថា រមណីយដ្ឋានអង្គរនឹងទទួលបានវិញ្ញាបនបត្រ ISO 14001 ជាថ្មីបន្តទៀត។ វិញ្ញាបនបត្រ ISO 14001 សំដៅលើផ្នែកបរិស្ថាននេះ មានសារៈសំខាន់ណាស់ចំពោះរមណីយដ្ឋានអង្គរ ព្រោះរមណីយដ្ឋានអង្គរបានក្លាយជាគោលដៅទេសចរណ៍លេខ១លើពិភពលោក គឺតាមរយៈការបោះឆ្នោតវាយតម្លៃពីភ្ញៀវលើពិភពលោក ដែលនេះមិនអាចកាត់ផ្តាច់ពីការប្រឹងប្រែងរបស់អាជ្ញាធរជាតិអប្សរាមកលើកិច្ចការគ្រប់គ្រងប្រព័ន្ធបរិស្ថានបានឡើយ។ ពោលគឺអាជ្ញាធរជាតិអប្សរាធានាបាននូវបរិស្ថានល្អ ទេសភាពស្អាត មិនប៉ះពាល់ដល់ប្រាសាទបុរាណជាដើម។

គួររំឭកដែរថារមណីយដ្ឋានអង្គរបានធ្វើកម្មវិធីសវនកម្មនេះតាំងពីឆ្នាំ២០១៤ និងទទួលវិញ្ញាបនបត្រចំនួន៤លើកមកហើយពីស្ថាប័ន JQA។ វិញ្ញាបនបត្រម្តង មានសុពលភាពចំនួន៣ឆ្នាំ ហើយសវនករស្ថាប័ន JQA តែងតែចុះមកពិនិត្យ១ឆ្នាំម្តងនឹងវាយតម្លៃអំពីលទ្ធផលដែលអនុលោមនិងមិនអនុលោមតាមអនុសាសន៍នៃស្តង់ដារដែលបានកំណត់៕