សម្តេច ហេង សំរិន ក្រើនរំលឹកសមាជិកបក្ស ត្រូវរួមគ្នាសន្សំពិន្ទុពីម្ចាស់ឆ្នោតគ្រប់ពេលវេលា តាមរយៈពង្រឹងគុណភាពការងារ និងអំពើល្អរបស់មន្ត្រីគ្រប់រូប

2207

ភ្នំពេញ៖ សម្តេច ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា បានក្រើនរំលឹកដល់សមាជិក សមាជិកាបក្សថា ដើម្បីឈានទៅដណ្តើមជ័យជម្នះក្នុងការបោះឆ្នោតឆ្នាំ២០១៨នេះ ត្រូវរួមគ្នាសន្សំពិន្ទុពីម្ចាស់ឆ្នោតគ្រប់ពេលវេលា តាមរយៈពង្រឹងគុណភាពការងារ និងអំពើល្អរបស់មន្ត្រីគ្រប់រូប។

ការថ្លែងក្រើនរំលឹករបស់សម្តេច ហេង សំរិន បានធ្វើឡើងតាមរយៈសុន្ទរកថាបើកមហាសន្និបាតវិសាមញ្ញតំណាង ទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជានាព្រឹកថ្ងៃចន្ទ ទី១៩ ខែមករា ឆ្នាំ២០១៨នេះ។

សម្តេច ហេង សំរិន ក្រើនរំលឹកឲ្យសមាជិក សមាជិកាបក្សរបស់ខ្លួនយ៉ាងដូច្នេះ «បទពិសោធន៍បានបង្ហាញថា ដើម្បីឈានទៅឈ្នះឆ្នោតបាន ត្រូវមានការសន្សំពិន្ទុពីម្ចាស់ឆ្នោតគ្រប់ពេលតាមរយៈគុណភាពការងារ និងអំពើល្អរបស់មន្រ្តីយើង។ ព្រមជាមួយនេះ គណបក្សយើងក៏ត្រូវតែមានកម្មវិធីនយោបាយដែលសុក្រឹត្យបំផុត ដើម្បីបង្ហាញម្ចាស់ឆ្នោតឲ្យមានសង្ឃឹមសម្រាប់អនាគត ហើយសម្រេចចិត្តគាំទ្រគណបក្សយើង»

ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា សម្តេច ហេង សំរិន បានលើកឡើងថា មហាសន្និបាតរយៈពេល៣ថ្ងៃនេះ មានរបៀបវារៈសំខាន់ៗចំនួន៣ ដែលនឹងត្រូវពិនិត្យ ពិភាក្សា និងអនុម័ត។ របៀបវារៈទាំងនោះរួមមាន៖

១. ឆ្លង និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០១៧ និងទិសដៅភារកិច្ចឆ្នាំ២០១៨។
២. ឆ្លង និងអនុម័តលើសេចក្តីព្រាងកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០១៨-២០២៣។
៣. បោះឆ្នោតបំពេញបន្ថែមសមាជិកគណៈកម្មាធិការកណ្តាលមួយចំនួន៕

3

4

5