អបអរសាទរ ប្រាសាទភិមានអាកាសនឹងទទួលបានការជួសជុលឡើងវិញឆាប់ៗខាងមុខនេះ

1167

ប្រាសាទភិមានអាកាសអតីតព្រះបរមរាជវាំងនៃក្រុងអង្គរធំ នឹងត្រូវជួសជុលឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ ដោយក្រុមរដ្ឋាភិបាលចិនសម្រាប់ការអភិរក្សអង្គរ ហៅកាត់ថា CSA (Chinese government team for Safegaurding Angkor) នៃសាធារណរដ្ឋប្រជាមានិតចិន។
716x266_photo_2018-01-12_15-47-58
តាមកិច្ចពិភាក្សាដែលធ្លាប់មានកន្លងមករវាងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា និង បណ្ឌិតសភាចិនផ្នែកបេតិកភណ្ឌវប្បធម៌ កិច្ចសហប្រតិបត្តិការដើម្បីការជួសជុលព្រះបរមរាជវាំងទីងក្រុងអង្គរធំ អាចនឹងប្រព្រឹត្តទៅនៅពាក់កណ្តាលឆ្នាំ២០១៨ខាងមុខនេះ។

តាមសេចក្តីប្រកាសរួមនៃដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន មកកាន់កម្ពុជា ពីថ្ងៃទី១០-១១ ខែមករា ឆ្នាំ២០១៨ កន្លងទៅនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានធ្វើជាអធិបតីនៃការចុះអនុស្សារណៈនៃការយោគយល់គ្នាលើឯកសារចំនួន១៩ ដែលក្នុងនោះក៏មានឯកសារស្តីពី លិខិតប្តូរសារនៃពីការជួសជុលនៅរាជវាំងក្រុងអង្គរធំដែរ។

សូមជម្រាបថា CSA នៃសាធារណរដ្ឋមានិតចិនបានចូលរួមជួសជុលប្រាសាទចៅសាយទេវតាក្នុងឆ្នាំ១៩៩៨ និងរួចរាល់នៅឆ្នាំ២០០៨ ហើយចាប់ជួសជុលប្រាសាតាកែវចាប់ពីឆ្នាំ២០០៧ បញ្ចប់នៅចុងឆ្នាំ២០១៧។ បច្ចុប្បន្ន CSA កំពុងរៀបចំគម្រោងដើម្បីធ្វើការជួសជុលអតីតរាជវាំងក្រុងអង្គរធំជាបន្តទៀត៕