វគ្គផ្សព្វផ្សាយ ស្តីពីការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព

20571

ខេត្តមណ្ឌលគិរី៖ ថ្លែងកាលពីព្រឹកថ្ងៃទី០៨ខែមករាឆ្នាំ២០១៨ ឯកឧត្តម ឈាង បាក់ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានជម្រុញដល់អាជ្ញាធរខេត្ត ព្រមទាំងមន្ទីរអង្គភាព និងអាជ្ញាធរក្រុងស្រុក រួមទាំងកងកម្លាំងទាំងបីប្រភេទ ត្រូវបង្កើនការយកចិត្តទុកដាក់អប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ជាពិសេសលើកុមារកំព្រារ កុមារងាយរងគ្រោះ ស្រ្តីមេម៉ាយ ជនពិការ អតីតយុទ្ធជន និងអតីតមន្ត្រីរាជការស៊ីវិល ដើម្បីឲ្យពួកគាត់មានការយល់ដឹងពីការធ្វើចំណាក់ស្រុកប្រកបដោយសុវត្ថិភាព ។

IMG-20180108-WA0012

ឯកឧត្តម ឈាង បាក់ បានមានប្រសាន៍បន្តទៀតថា នេះជា លើកទី៨ ហើយដែលខេត្តមណ្ឌលគិរីបានបើកវគ្គផ្សព្វផ្សាយ ស្តីពីការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព ក្នុងគោលបំណង បង្កើនសមត្ថភាពចំណេះដឹងបន្ថែមដល់អាជ្ញាធរខេត្តមណ្ឌលគិរី មន្ទីរអង្គភាពពាក់ព័ន្ធ បង្កើនប្រសិទ្ធភាព នៃការឆ្លើយតបដល់ ប្រជាពលរដ្ឋ ដែលមានបំណងចង់ធ្វើចំណាក់ស្រុក ដើម្បីឲ្យពួកគាត់មានសុវត្ថិភាពពេលធ្វើចំណាកស្រុកទៅកាន់ទីណាមួយដែលពួកគាត់ចង់ទៅ។

ឯកឧត្តមបានបន្ថែមទៀតថា ការធ្វើចំណាកស្រុក គឺជាសិទ្ធិរបស់ ប្រជាពលរដ្ឋគ្រប់រូប ប៉ុន្តែប្រជាពលរដ្ឋត្រូវតែដឹងថា ការធ្វើចំណាក់ស្រុកបែបណា ដើម្បីឲ្យមានសុវត្ថិភាព ឫស្របច្បាប់ ជៀសវាងការធ្វើចំណាកស្រុកដោយភាពប្រថុយប្រថាន ឫគ្មានសុវត្ថិភាព ដែលបង្កផលប៉ះពាល់ដល់អាយុជីវិត ឫខាតបង់ថវិកាជាយថាហេតុ។

នៅវគ្គផ្សព្វផ្សាយនោះដែរ លោក ចឹង សុចន្ថា អភិបាលរងខេត្ត បានមានប្រសាសន៍ថា វគ្គផ្សព្វផ្សាយនេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីបង្ហាញឲ្យកាន់តែច្បាស់អំពីការយកចិត្តទុក និងគិតគូខ្ពស់របស់រដ្ឋាភិបាល ក៏ដូចជាក្រសួងសង្គមកិច្ច អតីតយុទ្ធ និងយុវនីតិសម្បទា ដល់សុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ដែលធ្វើការចំណាកស្រុក ដើម្បីស្វែងរកការងារធ្វើទៅតាមទីកន្លែងនានាទាំងក្នុង និងក្រៅប្រទេស។

បន្ទាប់មក ឯកឧត្តម បានណែនាំដល់មន្ទីរអង្គភាព ត្រូវបន្តយកចិត្តទុកដាក់ស្តាប់រាល់ការធ្វើបទបង្ហាញរបស់គ្រូឧទ្ទេស និងចូលរួមមតិយោបល់ឲ្យបានស៊ីជម្រៅ ដើម្បីជាមូលដ្ឋានក្នុងការទទួលបានចំណេះដឹង និងយកទៅអនុវត្តប្រកបដោយប្រសិទ្ធភាព ដើម្បីរួមចំណែកឈានទៅកាត់បន្ថយភាពរងគ្រោះ និងងាយរងគ្រោះក្នុងការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួន៕ដោយ(មនោរម្យ)

IMG-20180108-WA0009

IMG-20180108-WA0010

IMG-20180108-WA0011