បច្ចុប្បន្ននេះព្រះរាជាណាចក្រកម្ពុជា ទទួលបាននូវសុខសន្តិភាពយ៉ាងពេញលេញ បរិបូណ៌ ប្រជាជនបានរស់នៅប្រកបដោយភាពសុខដុមរមនា ពង្រឹងបាននូវធ្លុងសាមគ្គីជាតិ ឯកភាពជាតិក្នុងក្របខណ្ឌនៃប្រទេសមួយដែលកំពុងការពារបានយ៉ាងរឹងមំានូវខឿនឯករាជ្យជាតិ និងអធិបតេយ្យជាតិ ។ ប្រទេសកម្ពុជាក៏កំពុងទទួលបាន នូវសមិទ្ធផលជាផ្លែផ្កាជាច្រើន ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម រួមចំណែកដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ ប្រជាជន ឲ្យតែមានការរីកចម្រើនប្រសើរឡើងឥតឈប់ឈរ ។ បើយើងងាកបកក្រោយទៅមើលអំពី ស្ថានភាពនៃ មាតុភូមិដ៏កំសត់របស់យើង និងជីវិតរស់នៅដ៏ក្រីក្រតោកយ៉ាកហួសនិស្ស័យរបស់ ប្រជាជនយើង បន្ទាប់ពីត្រូវបាន សង្គ្រោះចេញពីរបបប្រល័យពូជសាសន៍ នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ យើងពិតជាមានមោទនភាពខ្លាំងណាស់ ចំពោះអ្វីដែលយើងបានទទួលនៅពេល បច្ចុប្បន្ននេះ ។ ៧មករា បានបញ្ចប់សម័យកាលដ៏ខ្មៅងងឹតបំផុត ហើយបានបើកឡើង នូវទំព័រសករាជថ្មី គឺឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ។ ៧មករា គឺជាកម្លាំងរស់ដ៏អស្ចារ្យពោរពេញដោយថាមពលរឹងមាំរបស់ប្រជាជាតិកម្ពុជា ។ ក្រោមការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា ប្រជាជនយើងទូទាំងប្រទេសបានខិតខំប្រឹងប្រែងពុះពារ អស់កម្លាំងកាយចិត្តតស៊ូជំនះនូវឧបសគ្គ រាប់ម៉ឺនរាប់សែនជំពូកនាំមកនូវជោគជ័យដ៏ត្រចះត្រចង់ជូនជាតិមាតុភូមិ។

T-06-02-17-oooooo-ful

ប្រជាជនកម្ពុជាទូទាំងប្រទេសបាននិងកំពុងសម្តែងក្តីសប្បាយរីករាយចូលរួមអបអរសាទរប្រារព្ធពិធីខួបអនុស្សាវរីយ៍លើកទី៣៩ នៃទិវាជ័យជម្នះ៧មករា ជាប្រវត្តិសាស្រ្ត (៧មករា ១៩៧៩ ៧មករា ២០១៨) ក្នុងពេល ដែលប្រទេសជាតិយើងសម្រេចបានសមិទ្ធផលធំៗជាច្រើនដូចជា ជោគជ័យការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ អាណតិ្តទី៤ កាលពីខែមិថុនា ឆ្នាំ២០១៧ ការជំរុញលទ្ធិប្រជាធិបតេយ្យឲ្យកាន់តែមានជំហ៊ានរីកលូតលាស់តាម រយៈការពង្រឹងគោលការណ៍នីតិរដ្ឋ គាស់រំលើងចោលឧបាយកលនៃបដិវត្តន៍ពណ៌នៅកម្ពុជា និង ការរីកចម្រើនការ ក្នុងអភិវឌ្ឍវិស័យសេដ្ឋកិច្ចសង្គម ។

៧មករា គឺជានិមិត្តរូបនៃសន្តិភាព វិបុលភាព និងការអភិវឌ្ឍ ។ នេះជាសច្ចធម៌ប្រវតិ្តសាស្រ្តដែលគ្មានអ្នក ណាអាចបំភ្លៃបានឡើយ ។ យើងទាំងអស់គ្នាចងចាំជានិច្ចថា សន្តិភាពនេះបានមកពីការតស៊ូលះបង់អាយុជីវិត របស់អ្នកស្នេហាជាតិ របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ក្នុងការសង្គ្រោះជាតិចេញពីរបបប្រល័យពូជសាសន៍ នៅថ្ងៃ៧មករា ឆ្នាំ១៩៧៩ និងបានឆ្លងកាត់នូវដំណាក់កាលជាច្រើនទៀត ពោរពេញទៅដោយឧបសគ្គរាប់មិនអស់ រហូត ដល់ឆ្នាំ១៩៩៨ ទើបយើងបានស្គាល់រសជាតិសន្តិភាពពិតប្រាកដ និងអធិបតេយ្យជាតិ ពេញបរិបូរណ៌ បើគិត ចាប់តាំងពីថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ ដែលបនក្បត់ជាតិលន់នល់ជាឆ្កែ បម្រើរបស់អាមេរិក ធ្វើរដ្ឋប្រហារផ្តួលរំលំ ព្រះករុណាព្រះបាទសម្តេចព្រះបរមរតនកោដ្ឋ ។ អាស្រ័យដោយជ័យជម្នះ ៧មករា ប្រជាជនយើងបានរស់ឡើងវិញ និងបានពួតដៃគ្នាចូលរួម ក្នុងកិច្ចការ ការពារជាតិ និងកសាងមាតុភូមិរយៈពេល១០ (១៩៧៩១៩៨៩) បានបង្ក ជាបុព្វបទក្នុងដំណើរការស្វែងរកសន្តិភាពនិងការបង្រួបបង្រួមជាតិរហូតសម្រេចបានកិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅខែតុលា ឆ្នាំ១៩៩១ ។ ប៉ុន្តែកម្ពុជាពុំទាន់ទទួលបានសន្តិភាពពេញលេញទេ រហូតដល់ចុងឆ្នាំ១៩៩៨ អាស្រ័យ ដោយនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អង្គការចាត់តាំងខាងនយោបាយ និងយោធារបស់ ខ្មែរក្រហមត្រូវរលំរលាយ ទើបសង្រ្គាមត្រូវបានបញ្ចប់ ប្រទេសជាតិទទួលបានមកវិញនូវសុខសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី ប្រជាជនបានរស់នៅក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ។ សុខសន្តិភាព និងស្ថិរភាព នយោបាយបាន ផ្តល់កាលានុវត្តភាពយ៉ាងធំធេង ដែលមិនធ្លាប់មានដល់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងរយៈពេលប្រមាណ ៥០០ឆ្នាំនៃប្រវតិ្តសាស្រ្តកម្ពុជា។

ក្រោមម្លប់នៃសន្តិភាព ប្រជាជនកម្ពុជាយើងចាប់ផ្តើមមានឱកាសអភិវឌ្ឍន៍ប្រទេស ។ យើងពិតជាមាន មោទនភាពក្នុងពេលដែលកម្ពុជាសន្ទុះកំណើនសេដ្ឋកិច្ចខ្ពស់រហូតដល់ជាង ៧% ក្នុងមួយឆ្នាំ ក្នុងរយៈពេលជាង២ទស្សវត្សកន្លងមក និងបន្តមានកំណើនក្នុងរង្វង់ ៧% ក្នុងឆ្នាំ២០១៧ និងឆ្នាំ២០១៨ ។ អត្រានៃភាពក្រីក្រ ដែល កាលពីឆ្នាំ១៩៧៩ មាន១០០% បានថយចុះមកនៅ ៥៣,% ក្នុងឆ្នាំ២០០៤ និង១៣,% ក្នុងឆ្នាំ២០១៤ ។ ផលិតផលក្នុងស្រុកសរុបគិតជាមធ្យមសម្រាប់ប្រជាជនម្នាក់នៅឆ្នាំ១៩៩៨ មានត្រឹមតែ ២៥៣ដុល្លារអាមេរិក នៅ ឆ្នាំ២០១៣ កើនដល់ប្រមាណ ១០៤២ដុល្លារ នៅឆ្នាំ២០១៧ កើនដល់ ១៤៣៥ដុល្លារហើយ និងបន្តឡើងដល់ ប្រមាណ ១៥៦៨ដុល្លារអាមេរិក នៅឆ្នាំ២០១៨ ។ កម្ពុជាក៏ទទួលបានចំណាត់ថ្នាក់ជាប្រទេសជោគជ័យបំផុតទី៤ លើពិភពលោក ក្នុងការកាត់បន្ថយអត្រាភាពក្រីក្រជាប្រទេសឈានមុខគេទាំង៧ លើពិភពលោកក្នុងកែលម្អសន្ទស្សន៍ នៃការអភិវឌ្ឍមនុស្សក្នុងចន្លោះឆ្នាំ១៩៩០ ដល់ឆ្នាំ២០១៥ ។ នៅឆ្នាំ២០១៦ កម្ពុជាបានងើបផុត ចេញពីឋានៈជា ប្រទេសដែលមានចំណូលទាបទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិត ទាប ហើយសង្ឃឹមថានឹងក្លាយជា ប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ។ ដោយឡែកនៅឆ្នាំ២០១៧នេះ វិស័យសេដ្ឋកិច្ចនៅ តែបង្ហាញសញ្ញារីកចម្រើនដ៏ធំធេង ដែលទ្រទ្រង់ដោយលំហូរនៃការវិនិយោគវិស័យវាយនភណ្ឌសំណង់ ទេសចរណ៍ និងផលិតកម្ម កសិកម្ម ឧស្សាហកម្ម ។ ការសម្រេចបាននូវកំណើនសេដ្ឋកិច្ច និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច បានធ្វើឲ្យ ប្រជាជនកម្ពុជាកាន់តែមានឱកាសស្វែងរកការងារ និងបង្កើនប្រាក់ចំណូល ។ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ទទួលបានប្រាក់ចំណូលកាន់តែខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ តាមរយៈការអនុវត្តគោលនយោបាយតម្លើងប្រាក់បៀវត្ស ក្នុងគោលដៅជាង ១លានរៀល នៅឆ្នាំ២០១៨ របស់រាជារដ្ឋាភិបាល ។ កម្មករ និយោជិត រាប់សែននាក់ ដែល កំពុងបម្រើការងា រក្នុងវិស័យឯកជនក៏ទទួលបានឱកាសក្នុងការបង្កើនប្រាក់ចំណូលរបស់ខ្លួនដែរ ដែលនឹងត្រូវកើន ឡើងដល់ ១៧០ដុល្លារ នៅឆ្នាំ២០១៨នេះ ដោយមិនទាន់គិតទៅដល់ការទទួលបាននូវ អត្ថប្រយោជន៍ផ្សេងពីការ អនុវត្តគោលនយោបាយគំាពារសង្គមរបស់រាជរដ្ឋាភិបាល ។ រាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញនូវវិធានការ គោលនយោបាយចាំបាច់នានាជាបន្តបន្ទាប់ក្នុង គោលដៅដោះស្រាយការលំបាក ក្តីកង្វល់ និងបំណងប្រាថ្នារបស់ ប្រជាជនទូទាំងប្រទេស ព្រមទាំងដោះស្រាយបញ្ហាប្រឈមរបស់ជាតិ ទាំងបញ្ហាសង្គម និងសេដ្ឋកិច្ច ។

ទន្ទឹមនឹងការរីកចម្រើនខាងសេដ្ឋកិច្ច ប្រទេសកម្ពុជាក៏បានខិតខំលើកកម្ពស់លទ្ធិ ប្រជាធិបតេយ្យលើគោលការណ៍នីតិរដ្ឋ ដែលបានស្តែងចេញតាមរយៈការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិជាបន្តបន្ទាប់ស្របតាមច្បាប់ និងរដ្ឋធម្មនុញ្ញ ព្រមទាំងប្រកាន់ខ្ជាប់នូវគោលការណ៍ជាសកលនៃការគោរពសិទ្ធិមនុស្សជាមូលដ្ឋានប្រឆាំង ដាច់ខាតរាល់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ការអុជអាល ការរើសអើងពូជសាសន៍ ដែលអាចបង្កឲ្យមានអំពើហិង្សា ការបះបោរ និងបំបែកបំបាក់សាមគ្គីជាតិ ក្រោមផ្លាកលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស បម្រើផលប្រយោជន៍ នយោបាយឲ្យជនក្បត់ជាតិ និងពួកបរទេសដែលចង់ផ្លាស់ប្តូរ រាជរដ្ឋាភិបាល ស្របច្បាប់ និងរុញច្រានមាតុភូមិកម្ពុជា ឲ្យធ្លាក់ចូលក្នុងភ្លើងសង្រ្គាមដោយសារបដិវត្តន៍ពណ៌ ។ ជាមួយគ្នានេះ កិត្យានុភាពរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានលើកកម្ពស់នៅលើឆាកអន្តរជាតិ ដោយបានដើរតួនាទីយ៉ាងសកម្មជាមួយបណ្តារដ្ឋផ្សេងៗ និងសហគមន៍ អន្តរជាតិជួយស្វែងរកសន្តិភាពជូនដល់ប្រទេស ដែលកំពុងមានជម្លោះក្រោមក្របខណ្ឌនៃកិច្ចប្រតិបត្តិការរបស់អង្គ ការសហប្រជាជាតិ ។ កម្ពុជាត្រូវបានអង្គការសហប្រជាជាតិវាយតម្លៃជាប្រទេសជាប់លំដាប់ថ្នាក់ លេខ៣៥ ក្នុងចំណោម ១២១ប្រទេស និងលំដាប់ថ្នាក់លេខ៣ ក្នុងចំណោម៨ប្រទេស នៅក្នុងសហគមន៍អាស៊ានដែលបានបរិច្ចាគកងកម្លាំងទៅចូលរួមបេសកកម្មរក្សាសន្តិភាព របស់អង្គការ សហប្រជាជាតិ ។ កម្ពុជាក៏បានដើរតួនាទីសំខាន់ក្នុងការ ចូលរួមធានានូវសន្តិភាព និងសន្តិសុខពិភពលោកតាមរយៈការចូលជាភាគីនៃសន្ធិសញ្ញា និងពិធីសារអន្តរជាតិ ជាច្រើន ។

សមិទ្ធផលទាំងអស់នេះ គឺបានមកដោយសារប្រទេសជាតិមានសុខសន្តិភាព ។ សុខសន្តិភាពរបស់ប្រទេស ជាតិ និងការរស់នៅប្រកបដោយភាពសុខក្សេមក្សាន្តរបស់ប្រជាជន គឺជាអាទិភាពខ្ពស់បំផុតសម្រាប់រាជរដ្ឋាភិបាល កម្ពុជាដោយគ្មានយកអ្វីមកទិញដូរបាន និងមិន អាចយកអ្វីមកជំនួសបានឡើយ ។ ចងចាំជានិច្ចនូវស្មារតី៧មករា ប្រជាជនកម្ពុជាទូទាំង ប្រទេសរួមគ្នាថែរក្សាឲ្យបាននូវសន្តិភាព ការពារឲ្យបាននូវអធិបតេយ្យជាតិ ទប់ស្កាត់រាល់ ឧបាយកល វាយបំបាក់ឲ្យបរាជ័យរាល់ការប៉ុនប៉ង់តាមគ្រប់រូបភាពក្នុងគោលបំណងរុញច្រាន ប្រទេសជាតិយើងឲ្យ ធ្លាក់ក្នុងស្ថានភាពវឹកវរ និងអស្ថិរភាពជាថ្មីម្តងទៀត ។ ខិតខំពង្រឹងឲ្យបានធ្លុងសាមគ្គីភាព ឯកភាពជាតិ លើក ដម្កល់ខ្ពស់ផលប្រយោជន៍របស់ប្រជាជន ធ្វើអំពើល្អជាមួយប្រជាជន បន្តពង្រឹងឧត្តមភាពរបស់គណបក្ស បន្ត បណ្តុះស្មារតី ៧មករា ឲ្យនៅតែមានសកម្មភាពរស់រវើកក្នុងសរសៃឈាមរបស់យើងទាំងអស់គ្នាក្នុងដំណើរឆ្ពោះទៅ ដណ្តើមជោគជ័យកាន់តែធំធេងក្នុងការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា និងការបោះឆ្នោតរដ្ឋសភា នៅឆ្នាំ២០១៨នេះ ៕