អាជ្ញាធរជាតិអប្សរាដកហូតគ្រឿងចក្រកាយដីត្រពាំងបុរាណខាងលិចបារាណ៍ទឹកថ្លា!

565

នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងចម្រុះរបស់អាជ្ញាធរជាតិអប្សរាដឹកនាំដោយនាយកដ្ឋានសណ្តាប់ធ្នាប់និងកិច្ចសហប្រតិបត្តិការ បានឃាត់រក្សាទុកនូវគ្រឿងចក្រដែលជីកកាយត្រពាំងបុរាណស្ថិតនៅខាងលិចបារាយណ៍ទឹកថ្លា ក្នុងភូមិសាស្ត្រភូមិប្រិយ៍ក្មេង ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។

មន្ត្រីជំនាញផ្នែកសណ្តាប់ធ្នាប់បាននិយាយថា ក្រោយពីទទួលសេចក្តីរាយការណ៍ភ្លាមៗពីប្រជាពលរដ្ឋដែលរស់នៅជិតកន្លែងកើតហេតុ ក្រុមការងារបានចុះទៅដល់ទីតាំងផ្ទាល់ និងបានឃើញគ្រឿងចក្រកំពុងជីកកាយត្រពាំងបុរាណបានជម្រៅ៣តឹក។ ដូច្នេះក្រុមការងារបានឃាត់សកម្មភាពជីកកាយយកដីល្មើសច្បាប់ប៉ះពាល់ដល់បុរាណដ្ឋានផ្សេងៗទាំងនៅលើដីនិងក្រោមដី ព្រោះទីនេះជាត្រពាំងបុរាណដែលពាសពេញដោយស្លាកស្នាមប្រវត្តិសាស្ត្រនិងបុរាណវិទ្យា។ ក្នុងនោះដែរ ក្រុមការងារក៏បានចាប់យកអេស្កាវ៉ាទ័រ១គ្រឿងនៅទីតាំងផ្ទាល់ មករក្សាទុកនិងអញ្ជើញម្ចាស់គ្រឿងចក្រមកដោះស្រាយ៕