ដំណើរទស្សនៈកិច្ចសិក្សា ដើម្បីបង្កើនចំណេះដឹងកសិករផលិតបន្លែសុវត្ថិភាពខេត្តត្បូងឃ្មុំ

428

ត្បូងឃ្មុំ៖ មន្ទីរកសិកម្ម ខេត្តត្បូងឃ្មុំ នៅឆ្នាំ២០១៨ ខាងមុខនឹងរៀបចំធ្វើកិច្ចសន្យា រវាងកសិករផលិតបន្លែសុវត្ថិភាព និងអាជីវករទីផ្សារ ដើម្បីធានាឲ្យបាន មានបន្លែសុវត្ថិភាពដែលកសិករផលិតបាន ងាយលក់ មិនជុញ ដោយមានការកុងត្រាច្បាស់លាស់ នឹងមានទីផ្សារលក់ត្រឹមត្រូវ ។ បន្លែដាំទៅតាមលក្ខណៈបច្ចេកទេស មានគុណភាព គ្មានជាតិគីមី ធ្វើឲ្យអ្នកទទួលទានមានសុខភាពល្អ ។

20171219_095905_resized_1

លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រក្ខាប្រមាញ់ និងនេសាទខេត្ត បានបញ្ជាក់ឲ្យដឹងថា កន្លងមកកសិកររបស់យើងដាំដំណាំបន្លែ ទៅតាមលក្ខណៈធម្មជាតិ មិនសូវបានផលទេ តែបច្ចុប្បន្នយើងបានធ្វើការកែប្រែ ផ្តល់បច្ចេកទេសដាំបន្លែសុវត្ថិភាពដល់ប្រជាកសិករចំនួន ៤ស្រុក/ក្រុង មាន ស្រុកត្បូងឃ្មុំ ពញាក្រែក ស្រុកអូរាំងឪ និងក្រុងសួង មានកសិករ១៣៦គ្រួសារហើយដែលមន្ទីរបានផ្តល់សម្ភារៈមានដូចជា ទុយោ ស្បៃ ជី និងថវិកា ចំនួន ១ ៩៥០ ០០០រៀលក្នុង១គ្រួសារ (ថវិការបស់ក្រសួងកសិកម្ម) ដើម្បីឲ្យពួកគាត់ធ្វើដើមផលិតបន្លែ ។ ក្នុងនោះដែរ ជំនាញបានផ្តល់បច្ចេកទេស ទាំងការជ្រើសរើសពូជដាំ បង្ហាត់ការធ្វើជីកំប៉ុស្តិ៍ ជីឡឧស្ម័ន និងថ្នាំពុលធម្មជាតិ ផងដែរ ។

លោកប្រធានបានបញ្ជាក់ទៀតថា ថ្ងៃនេះដែរ ក្រុមកសិករផលិតបន្លែ មកពីស្រុកពញាក្រែក ស្រុកត្បូងឃ្មុំ និងក្រុងសួង បានមកសិក្សាពីក្រុមអាជីវកលក់បន្លែក្រុងសួង ដោយពិនិត្យឃើញថា ភាគច្រើនបន្លែដែលលក់សំបូរបន្លែនាំចូលមកពីប្រទេសវៀតណាម ។ ក្នុងនោះដែរក្រុមកសិករទាំងចំនួន៣ស្រុក/ក្រុង ក៏បានប្តេជ្ញា នឹងខិតខំផលិតបន្លែ មានដូចជា ម្រះ ត្រឡាច ត្រសក់ ម្ទេសប្លោក ននោង សណ្តែក ដើម្បីបំរើទីផ្សារក្នុងខេត្តរបស់យើង ។
ដំណើរទស្សនៈកិច្ចសិក្សាក្រុមកសិករផលិតបន្លែថ្ងៃនេះ គឺមកមើល ការដាំបន្លែរបស់កសិករចំនួន១៣គ្រួសារ ដែលទទួលបានភាពជោគជ័យ នៅភូមិអូឡោក ឃុំចក ស្រុកអូរាំងឪ ស្រុកត្បូងឃ្មុំ ពីការដាំម្រះ ត្រសក់ ម្ទេសប្លោក និងសណ្តែកគួរ ។ គឺកសិករ មកសិក្សាស្វែងយល់ ដើម្បីចែករំលែក បទពិសោធន៍ គ្នាទៅវិញទៅមក ដូចជាការប្រើប្រាស់ជីធម្មជាតិ ការប្រើជីគីមី ក៏មានប្រើដែរ តែទៅតាមលក្ខណៈបច្ចេកទេស គ្រប់ថ្ងៃកំណត់ទើបបេះបន្លែយកទៅលក់ ជៀសវាងការប៉ះពាល់សុខភាពអ្នកទទួលទាន ។ បច្ចុប្បន្ន កសិករភូមិអូឡោកផលិតបន្លែផ្គត់ផ្គង់ទៅផ្សារអូរាំងឪ ៣០ភាករយដែរផងដែរ ។ មន្ទីរកសិកម្ម បញ្ជូនកម្លាំងជំនាញដល់គ្រប់គោលដៅ ទាំង៤ស្រុក/ក្រុង ដល់ក្រុមកសិករផលិតបន្លែសុវត្ថិភាពនៃគម្រោងផលិតស្បៀង ឲ្យមានប្រសិទ្ធភាពនៃកិច្ចសន្យារវាងកសិករផលិតបន្លែ និងអាជីវកទីផ្សារនាឆ្នាំ ២០១៨ ខាងមុខ ៕

20171219_100713_resized_1

20171219_100739_resized_1

20171219_103642_resized_1

20171219_095502_resized_1